ភ្នំពេញ ៖ អតីតតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូប កញ្ញា ពៅ បញ្ញាពេជ្រ ដែលនាងត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើរូបនាងកាលពីជាង១០ឆ្នាំមុន នៅខាងកើតផ្សារថ្មី នាពេលដែលនាងកំពុងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនរាប់សិបនាក់។


មកទល់នឹងពេលនេះ ពៅ បញ្ញាពេជ្រ អាចនៅរស់រានមានជីវិត ក៏ប៉ុន្តែនាងមិនអាចដើរបាននោះឡើយដោយជើងទាំងពីររបស់នាងត្រូវបានបាក់ខ្អឹងបាត់ទៅហើយ។


ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីនាងបានក្លាយទៅជាជនពិការក៏ពិតមែន ប៉ុន្តែនាងពិតជាមានការតស៊ូបំផុត ខណៈពេលបច្ចុប្បន្ននេះនាងបានប្រឹងប្រែងរស់នៅប្រកបរបរលក់អនឡាញ ដោយមានអតិថិជនជាច្រើនដែលតែងតែអាណិតស្រឡាញ់នាងបន្តការទិញឥវ៉ាន់របស់នាងជារឿយៗ។ ពៅ បញ្ញាពេជ្រ តែងតែឆ្លៀតបង្ហើរសំនៀងរបស់នាងតិចតួចលាយឡំជាមួយនឹងស្នាមញញឹមនៅក្នុងការ​Live លក់ឥវ៉ាន់របស់នាង ហើយនាងធ្លាប់បានលើកឡើងថា នាងនឹងមិនចងគំនុំចំពោះអ្នកដែលធ្លាប់បាញ់ប្រហារមកលើរូបនាងនោះឡើយ ដោយចាត់ទុកថានេះជារសជាតិជីវិតរបស់នាងផ្ទាល់តែម្ដង។


គួររំលឹកផងដែរថា អតីតតារាចម្រៀងដ៏ល្បីឈ្មោះគឺកញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបានបាញ់ប្រហារលើរូបនាងជាច្រើនគ្រេាប់ ដោយក្នុងនោះមាន០១គ្រាប់ត្រូវចំពោះ និង០១គ្រាប់ទៀតត្រូវចំបំពង់ ក របស់នាងកាលពីដើមឆ្នាំ២០០៧ កន្លងទៅនេះ។ ក្រោយមកក្រុមគ្រួសាររបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យនៅក្រៅប្រទេស រហូតអាចសង្គ្រោះជីវិតរបស់នាងបានឡើងវិញ បើទោះជានាងស្ថិតនៅក្នុងស្ថានភាពពិការជើងយ៉ាងណាក្ដី៕