សិង្ហបុរី៖ បុរសអាយុ៣៣ឆ្នាំម្នាក់ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទចូលក្នុងបន្ទប់អ្នកជិតខាង ហើយបានថើបនាងពេលដែលនាងកំពុងតែដេក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារ​ ទី១៩ ខែមករា ឆ្នាំ២០២០នេះប៉ូលីសបាននិយាយថា ក្នុងការស៊ើបអង្កេតបឋមបានបង្ហាញថា បុរសនោះបានលួចចូលដោះសោរទៅក្នុងបន្ទប់នារីរងគ្រោះ ហើយបានថើបស្ត្រីនោះជាច្រើនដងនៅពេលដែលនាងកំពុងដេកតែម្នាក់ឯងនៅខាងក្នុង។ ក្រោយមកនាងក៏បានភ្ញាក់ពីដេកហើយស្រែកអោយបុរសនោះចាកចេញ ដោយភ្លាមៗនោះនាងបានទាក់ទងទៅសមាជិកគ្រួសាររបស់នាងដើម្បីសុំជំនួយ។

ប៉ូលីសបាននិយាយទៀតថា បន្ទាប់មកបុរសនោះបានត្រឡប់ទៅបន្ទប់របស់គាត់វិញហើយបានចាក់សោរខ្លួនឯង នៅពេលនោះគាត់ក៏បានទូរស័ព្ទទៅប៉ូលីសដោយប្រាប់ថានៅក្រៅបន្ទប់របស់គាត់ថា មានមនុស្ស២នាក់“ ចង់វាយគាត់” ។

ខណៈពេលនោះមិនចាំយូរនារីរងគ្រោះក៏បានទូរស័ព្ទទៅប៉ូលីសដូចគ្នាថា មានបុរសម្នាក់ព្យាយាមយាយីរូបកាយនាង ហើយបុរសដែលឈរនៅមុខបន្ទប់បុរសនោះគឺជាបងប្រុសរបស់នាង។ ភ្លាមៗនោះប៉ូលីសក៏បានមកដល់ ហើយក៏បានធ្វើការឆែកកាំមេរ៉ា រួចក៏ឃើញបុរសនោះពិតជាបានទម្លុះសោរចូលក្នុងបន្ទប់នាងជាការពិតមែន។

បុរសនោះត្រូវបានតុលារការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ខែ ឬក៏អាចប្រឈមនឹងការផាកពិន័យជាប្រាក់រហូតដល់១ ៥០០ ដុល្លារ ៕