ខេត្តកណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតប្រកាសដាក់វិន័យ ព្រមានលើកទី១ ក្រោមរូបភាពព្រមានលើកទី១ចំពោះលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្ដាល ។

ក្នុងលិខិតប្រកាសស្ដីពីការអនុវត្តវិន័យមន្រ្តីនគរបាលជាតិ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ មូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។ សាមីខ្លួនដែលមានឈ្មោះក្នុងនោះ ត្រូវកែប្រែនូវកំហុសឆ្គង ឱ្យបានត្រឹមត្រូវ ។ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយ ពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យ របស់កងកម្លាំងនគរបាលជាតិ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ជាមួយនឹងការអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១នេះ លោកឧត្តមសេនីយ៍ត្រី អុល ប៉ុណ្ណា ស្នងការរងនគរបាលខេត្តកណ្ដាល ត្រូវបានមជ្ឃដ្ឋានមួយចំនួនរិះគន់ថា អសមត្ថភាពក្នុងការបំពេញការងារ សូម្បីតែប្រវត្តិរូបផ្ទាល់ខ្លួន ក៏មិនចេះសរសេរផង គឺឲ្យគេសរសេរឱ្យទាំងអស់ ហើយបើនិយាយពីការសរសេររបាយការណ៍ដោយផ្ទាល់ដៃខ្លួនឯងវិញ គឺមួយសន្លឹកខុសអក្ខរាវិរុទ្ធរាប់មិនអស់។

ចំណុចនេះហើយធ្វើឱ្យមានការសង្ស័យថា កំរិតវប្បធម៌នៅក្នុងប្រវត្តិរូប លោកស្នងការរងរូបនេះ មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់! ប៉ុន្តែសរសេរអក្សរខ្មែរ មិនត្រូវជ្រុងផង តែលោកមានវាសនាខ្ពស់បានពាក់ផ្កាយ១ និងមានតួនាទីជាស្នងការរងនគរបាលខេត្តកណ្ដាល។ សូម្បីតែការស្លៀកពាក់ឯកសណ្ឋានជានាយនគរបាលជាតិជាន់ខ្ពស់ ក៏មិនត្រឹមត្រូវតាមក្បួនខ្នាត ដូចមិនបានចូលសាលានគរបាល។ កន្លងទៅ លោកឧត្តមសេនីយ៍ត្រី អុល ប៉ុណ្ណា ធ្លាប់យកឈ្មោះអ្នកធំទៅប្រើប្រាស់ក្នុងជំនួញរកស៊ីដីធ្លី រត់ការឡើងស័ក្តិ និងរត់ការផ្សេងៗទៀត ស៊ីដាច់លុយគេ រហូតដល់មានបណ្ដឹង ត្រូវបានខាងតំណាងអយ្យការកោះហៅ ព្រមទាំងបានយករថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ទៅប្រើប្រាស់ជួលឲ្យឯកជនផងដែរ៕