រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានចុះប្រមូលស្រ្តីរកស៊ីផ្លូវភេទ ដែលឈរនៅតាមរបង និង ក្រោមដើមឈើ រួមទាំងអ្នកចាប់ម៉ូយ ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ សាជាថ្មី ។

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បើកប្រតិបត្តិការចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ រួមទាំងអ្នកចាប់ម៉ូយ នៅ ជុំវិញរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និង សួនច្បារមិត្តភាពកម្ពុជា-ថៃ។

ជាលទ្ធផល នៃការបង្ក្រាបនេះ កម្លាំងប្រជាការពារខណ្ឌ បានធ្វើការប្រមូលស្ត្រីរកស៊ីផ្លូវភេទរួមទាំងអ្នកចាប់ម៉ូយ សរុបចំនួន១៣នាក់ បញ្ជូនមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារ បញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ ៕