ភ្នំពេញ ៖ ជាធម្មតាពោតក្រហម ក្រៅពីយកមកធ្វើជាអាហារសម្រាប់មនុស្សបានហើយ គេក៏អាចយកវាទៅកែច្នៃដើម្បីធ្វើជាចំណីសត្វ ខណៈពេលដែលប្រជាកសិករជាច្រើននាំគ្នាពេញនិយមក្នុងការដាំ ដោយហេតុតែពោតក្រហមអាចរក្សាតម្លៃលក់ចេញបានថេរ ប្រការនេះធ្វើឲ្យប្រជាកសិករខ្មែរយើងនៅតែបន្តដាំដពោតក្រហមជារៀងរាល់ឆ្នាំ សម្រាប់តម្រូវការទីផ្សារនាំចេញទៅប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាមជាដើម។


បងប្អូនប្រជាកសិករមួយរូប ដែលរស់នៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំបានលើកឡើងថា ជារៀងរាល់ឆ្នាំកសិករទាំងអស់ដែលនៅក្នុងតំបន់នេះភាគច្រើនគឺពួកគាត់តែងតែដាំដំណាំពោតក្រហមនេះប្រមាណជា ៥០ភាគរយទៅហើយក្នុងចំណោមដំណាំផ្សេងៗទៀត ដែលការដាំពោតក្រហមនេះអាចចាប់ផ្តើមពីចុងខែវិច្ឆិកា រហូតទៅដល់ខែមីនា ឬខែមេសា ទើបពួកគាត់អាចប្រមូលផលបាន។

ក្នុងនោះ កសិករខាងលើក៏បានបន្ថែមទៀតថា សម្រាប់ផ្ទៃដីដែលមានទំហំ ២ហិកតា គាត់អាចដាំពោតក្រហមដោយប្រើពូជចំនួន២៥គីឡូក្រាម ដោយក្នុងមួយហិកតា បើដាំមិនបានផលល្អក៏នៅតែអាចទទួលបានផលពី ៥ទៅ៦តោនដែរ ប៉ុន្តែបើទិន្នផលបានល្អនោះអាចទទួលបានពី៧តោន ទៅ៨តោនក៏មានក្នុងមួយហិកតា។

រីឯការប្រមូលផលវិញក៏មិនមែនបានមកទាំងអស់នោះដែរ​គឺត្រូវចំណាយទៅលើម៉ាស៊ីនប្រលេះគ្រាប់ ដោយក្នុងគ្រាប់ពោត១បេ តម្លៃ១ពាន់រៀល ខណៈដែលក្នុងដីមួយហិកតាអាចទទួលបានគ្រាប់ពោតចំនួន៥០បេ។

យ៉ាងណាមិញពោតក្រហមក៏ត្រូវបានចែកចេញជាពីរប្រភេទ ដោយមានពោតសើម និងពោតស្ងួត។ ពោតសើមអាចលក់បាន១គីឡូ តម្លៃ៨០០រៀល ចំណែកឯពោតស្ងួតអាចលក់បានក្នុង១គីឡូតម្លៃ១០០០រៀលផងដែរ៕