រាជធានីភ្នំពេញ ៖ ដើមឈើធំៗចំនួន៣ដើម ដែលមានអាយុកាលជាង៣០០ឆ្នាំ នៅលើសួនកាណាឌីយ៉ា នៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ នឹងត្រូវអាជ្ញាធររាជធានីភ្នំពេញ កាប់យកចេញនៅសប្តាហ៍ក្រោយ ដោយសារតែដើមឈើទាំងនោះ ពុកគល់ប្រហោងក្នុង ងាយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយ នៅព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០២១នេះថា ដើមឈឺធំៗចំនួន៣ដើម ក្នុងចំណោម៥០ដើម ដែលមានប្រមាណជាជាង៣០០ឆ្នាំ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង នឹងត្រូវអាជ្ញាធរសាលារាជធានីភ្នំពេញ កាប់ចោល ហើយដាំដើមឈើថ្មីជំនួសវិញ។

លោកសំ សាមុត បញ្ជាក់ថា មូលហេតុនៃការកាប់ដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ងាយបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរ ហើយគ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផងដែរ ៕