ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យមជាអ្នកបើកបររថយន្តដឹកជនដៃដល់ជាឃាតករដែលបាញ់សម្លាប់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើមហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ ។

បើតាមលោក គុជគឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា ជនសង្ស័យឈ្មោះ កែ ចាន់មាន រស់នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន។

តាមចម្លើយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានឱ្យដឹងថា កាលពីវេលាម៉ោង១២ និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយយបើកករថយន្តជូនឃាតករឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង ។ លុះជិះពេលមកដល់ចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (កន្លែងកើតតហេតុ) ខ្លួនបានបើកករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ ។

បន្ទាប់មកជនរងគ្រោះ បានបើករថយន្កមកកាក់រថយន្តខ្លួន ហើយយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីឱ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឃាតករឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេប្រាប់ទៅ បានហើយ ។

ឈ្មោះ កែ ចាន់មាន បានបន្តថា ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចណ៍ខាងលើនេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើកករថយន្តគេចពីកន្លែងកើតហេតុតែម្តង ។

ប៉ុន្តែទោះបីយ៉ាងណា ជនដៃដល់ជាឃាតករឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ រ៉េន ដែលបាញ់សម្លាប់លោកវរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនោះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ៕