រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីឈ្មោះ មាន សុខអន ជាប្រពន្ធរបស់ជនដៃដល់ ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងស្ត្រីឈ្មោះ វង្ស សុភាព ជាមិត្តភ័ក្ដិ ឲ្យមានសេរីភាពវិញហើយ ដោយហេតុថា មិនជាប់ពាក់ព័ន្ធនឹងអំពើបទល្មើស។ ខណៈដែលជនដល់ជាឃាតករ ឈ្មោះ អ៊ា ណារ៉េន ហៅរើន កំពុងរត់គេចខ្លួនដល់ខេត្តស្ទឹងត្រែង។

លោក ដួង វិចិត្រ មេបញ្ជារងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបន្ទាប់ពីទទួលព័ត៌មានមកថា ខ្មាន់កាំភ្លើងបានរត់គេចពីភ្នំពេញ ឆ្លងខេត្តមួយទៅកាន់ខេត្តមួយ រហូតដល់ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងបន្តគេចមកដល់ខេត្តស្ទឹងត្រែងហើយនោះ លោកបានប្រមូលកម្លាំងតាមឡោមព័ទ្ធ តាមប្រមាញ់ចាំចាប់ជនល្មើស ។ តែយ៉ាងណា តាំងពីព្រឹករហូតមកដល់ពេលនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត កំពុងរុករកជនសង្ស័យ តែមិនទាន់បានជួបប្រទះនៅឡើយទេ ។

លោកផែង វណ្ណៈ បានផ្សាយថា ឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ៣៨ឆ្នាំ អតីតទាហានកម្ម៉ង់ដូ ស្នាក់នៅផ្ទះលេខ ៥៨ អ៊ឺ១ ផ្លូវ១១០ ភូមិ១៦ សង្កាត់ផ្សារកណ្ដាល ១ ខណ្ឌដូនពេញ ។

នៅដើមឆ្នាំ២០០៣ ឈ្មោះ អ៊ា ណារ៉េន និងបក្សពួកធ្លាប់ធ្វើសកម្មភាពប្លន់បាញ់សម្លាប់លោកឱម រដ្ឋសាឌី ប្លន់យកទូរស័ព្ទដៃ ណូគា ៩២០០ នៅចំណុចជិតផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយធ្វើសកម្មភាពប្លន់បាញ់សម្លាប់លោកឱម រដ្ឋសាឌី កម្លាំងជំនាញការិយាល័យប្រឆាំងភេរវកម្ម នៃស្នងការដ្ឋាននគរបាលរាជធានី បានស្រាវជ្រាវចាប់ឃាត់ខ្លួន អ៊ា ណារ៉េន និងបក្សពួក ឈ្មោះផាត បញ្ជូនទៅ តុលាការរាជធានីភ្នំពេញ ។ តុលាការរាជធានីបានផ្ដន្ទាទោសដាក់ពន្ធនាគារ ។ នៅឆ្នាំ២០១៨ ឈ្មោះ អ៊ា ណារ៉េន បានចេញពីពន្ធនាគារ ។ នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះអ៊ា ណារ៉េន បានបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

ប្រភពមួយបានបញ្ជាក់ថា មូលហេតុដែល អ៊ា ណារ៉េន បាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រោះតែពេលមានគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះបានជេរប្រមាថ ដោយពាក្យអសុរោះជាច្រើនទៅលើ អ្នកបើកបររថយន្ដ Rx300 ដែលធ្វើឲ្យ អ៊ា ណារ៉េន ខឹងក៏បាញ់សម្លាប់តែម្ដង។( ករណីអ្នកលេង ប៉ះអ្នកមែន ហើយអ្នកមែនជាមុខសញ្ញាចាស់ថែមទៀត ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ ត្រូវពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍។ករណីឃាតកម្មនេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះមានឈ្មោះ រ៉េត ស៊ីណាត មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញជនដៃដល់ដែលជាខ្មាន់កាំភ្លើង បានជិះរថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះ បណ្តាលឲ្យបែកស្តុបខាងក្រោយ បន្តាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា ។

ប្រភពបន្តថា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងមិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនសង្ស័យបាន ដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ តែម្តងដោយត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែង។ ចំណែកជនដៃដល់បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ រកឃើញសំបកគ្រាប់កាំភ្លើងចំនួន៩គ្រាប់ នៅកន្លែងបាញ់តែប៉ុណ្ណោះ។ ចំណែកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕