ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានបុរសម្នាក់ដែលបានតាំងខ្លួនជាអ្នកចេះមន្តអាគមអូមអាម ជាគ្រូដែលចេះសូត្រធម៌បាលីបានរហូតដល់ទៅ ៧ភាសារួមមាន ភាសាចិន ជប៉ុន ថៃ កូរ៉េ ជាដើមនោះ ត្រូវបានមហាជនក្នុងសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំង ខណៈពេលដែលគ្រូមន្តអាគមរូបនេះទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកដែលបានឃើញបុរសខាងលើតាមបណ្តាញសង្គម។

បុរសដែលបានតាំងខ្លួនឯងជាគ្រូអាគមខាងលើនេះមានឈ្មោះ វ៉ាត វុធ មានអាយុ ៤៣ ឆ្នាំ ដែលតែងតែស្លៀកសំលៀកបំពាក់ពណ៌ស អមដោយគ្រឿងសក្ការៈបូជាខាងក្រោយខ្នងនោះតែងតែទទួលអ្នកដែលមានជំនឿលើបារមីរបស់ខ្លួន ខណៈពេលដែលគាត់សូត្រធម៌បានច្រើនភាសាតែគ្មានអ្នកណាម្នាក់ស្តាប់យល់នោះឡើយ។

បុគ្គលខាងលើនេះ តែងតែលើកឡើងថា ហេតុដែលអ្នកគ្រប់គ្នាមិនអាចស្តាប់ធម៌របស់ខ្លួនបាននោះ ព្រោះថាធម៌ដែលខ្លួនបានសូត្រនេះសុទ្ធតែជាធម៌តាំងពីបុរាណកាល មានអាយុរាប់ពាន់ឆ្នាំមកហើយ ហេតុនេះទោះបីជាអ្នកនោះជាជនជាតិចិន ឬជប៉ុនស្រាប់ ក៏មិនអាចស្ដាប់យល់បានដែរ។

ចំណែកបច្ចុប្បន្ននេះ ភរិយារបស់បុរសតាំងខ្លួនជាគ្រូអាគមខាងលើបានលើកឡើងថា បន្ទាប់ពីប្ដីរបស់ខ្លួនទទួលបានភាពល្បីល្បាញក្នុងបណ្តាញសង្គមរួចមក ស្រាប់តែមានជនមិនស្គាល់មុខមួយចំនួនតែងតែមកគំរាមកំហែង និងថែមទាំងនិយាយថា នឹងឲ្យសមត្ថកិច្ចមកចាប់ខ្លួនប្ដីរបស់ខ្លួនថែមទៀតផង ដែលរឿងនេះធ្វើឲ្យខ្លួនដែលជាភរិយាមានការព្រួយបារម្ភជាខ្លាំង។

យ៉ាងណាមិញបន្ទាប់បីមានរឿងរ៉ាវទាំងនេះបានកើតឡើង គេសង្កេតឃើញថាអ្នកនាំពាក្យក្រសួងធម្មការបានចេញមុខមកមកស្រាយថា ចំពោះបុរសខាងលើនេះខាងក្រសួងបានធ្វើការពិនិត្យរួចរាល់ហើយ ហើយចំពោះវិធានការដទៃទៀតយ៉ាងណានោះ គឺទុកឲ្យតួនាទីឲ្យខាងសមត្ថកិច្ចជាអ្នកដោះស្រាយ៕