ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ៣នាក់​ បាន​ក្លែង​បន្លំ​សញ្ញាបត្រ​វេជ្ជបណ្ឌិត ដែល​បាន​យក​ទម្រង់​តាម​សញ្ញាបត្រ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ត្រូវ​បាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​ស្នើសុំ​ការ​ផ្ទៀងផ្ទាត់​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

ជនសង្ស័យ​ទាំង៣នាក់​ដែល​ក្លែង​បន្លំនោះ ទី១មានឈ្មោះ សាយ សុវណ្ណ ទី២ឈ្មោះ ម៉ក់​សុខ​ជា និង ទី៣ឈ្មោះ ខា វ៉េង​ហួត។

បើតាមប្រភព​ព័ត៌មាន​បាន​ឲ្យដឹងថា យោង​តាម​លិខិត​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ ជម្រាប​មក លោក​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​មានការ​សង្ស័យ​ចំពោះ «​សញ្ញាបត្រ​វេជ្ជបណ្ឌិត​» របស់​ឈ្មោះ សាយ សុវណ្ណ ម៉ក់​សុខ​ជា និង ខា វ៉េង​ហួត ដែល​បាន​យក​ទម្រង់​តាម​សញ្ញាបត្រ​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល , ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បាន​ស្នើសុំ​ការ​ផ្ទៀងផ្ទាត់​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បានចេញ​លិខិត​បញ្ជាក់ថា សញ្ញាបត្រ​វេជ្ជបណ្ឌិត​របស់​អ្នក​ទាំង​៣​នេះ ពុំ​មែន​ជា​សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ទេ។

ចំពោះករណីក្លែងបន្លំសញ្ញាបត្រ​វេជ្ជបណ្ឌិតនេះ ត្រូវបាន​ប្រធានក្រុមប្រឹក្សា​គណៈគ្រូពេទ្យជាតិ ណែនាំដល់​ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពង់ស្ពឺ ចាត់វិធានការ ៤ ចំណុច រួមមាន៖ ១.ដកហូត​សញ្ញាបត្រដើម​របស់លោក សាយ សុវណ្ណ ម៉ក់ សុជា និង​ ខា វ៉េងហួត​ ២.ធ្វើលិខិតជូនមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់វិធានការ​ តាមផ្លូវច្បាប់ ដែលមានចែង​ក្នុងក្រមព្រហ្មទណ្ឌ ស្តីពី ការក្លែងបន្លំឯសារ​។ ៣.ជូនដំណឹង​ទៅគណៈគិលាន​នុបដ្ឋាក និងគណៈវិជ្ជាជីវៈសុខាភិបាលដទៃទៀតដែរ បើមានការចាំបាច់ ដោយពួកគាត់​ភាគច្រើនជាគិលានុបដ្ឋាក ហើយរមែង​បាន​ចុះបញ្ជីជាមួយ​គណៈគិលានុបដ្ឋាក​។ ៤.ក្រោយមានវិធានការទាំងអស់ហើយ សូមលោកប្រធាន រៀបចំ​ឲ្យមានរបាយការណ៍ត្រឡប់មកថ្នាក់ជាតិវិញ ដើម្បី​គណៈគ្រូពេទ្យ​ជាតិ រៀបចំ​ផ្សព្វផ្សាយ​ក្នុងគេហទំព័រ និង Facebook Page របស់គណៈគ្រូពេទ្យជាតិ​។

គួររម្លឹកថា វិធានការខាងលើនេះ ត្រូវបានធ្វើឡើង ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានស្នើសុំ​ការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រសុខាភិបាល បានចេញលិ​ខិត​បញ្ជាក់ថា សញ្ញាបត្រវេជ្ជបណ្ឌិតរបស់អ្នកទាំង ៣នេះ ពុំមែនជាសញ្ញាបត្រ ដែល​ចេញដោយសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាលទេ​ ៕