រាជធានីភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកពលរដ្ឋ ប្រយ័ត្នឧក្រិដ្ឋជនប្រើមនោសញ្ចេតនា ដើម្បីឲ្យថតរូបភាព ឬវីដេអូអាសអាភាស រួចគំរាមទារប្រាក់ ។

នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ថា ឧក្រិដ្ឋជនប្រើប្រាស់គ្រប់មធ្យោបាយដាក់ធ្នាក់ បោកប្រាស់មនោសញ្ចេតនាជនរងគ្រោះ ក្នុងគោលបំណងអូសទាញរួមភេទតាមរយៈអនឡាញ បន្ទាប់មកលួចថតរូបភាព ឬវីដេអូជនរងគ្រោះ និងគំរាមទារប្រាក់ (ការបង់ប្រាក់ច្រើនដំណាក់កាល ឥតឈប់ឈរ)។

បទល្មើសប្រភេទនេះ កំពុងកើតមានឡើងជាច្រើនករណី ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះជនរងគ្រោះភាគច្រើនជាស្ត្រី (សិស្សសាលា ឬឈ្មួញរកស៊ី) និងចំណែកបុរសភាគច្រើនជាបុគ្គលិកក្រុមហ៊ុន ដែលធ្លាក់ក្នុងការឆបោកពីសំណាក់ក្រុមឧក្រិដ្ឋជនក្រៅប្រទេស។ បើអ្នកក្លាយជាជនរងគ្រោះ នៃបទល្មើសប្រភេទនេះ សូមធ្វើការរាយការណ៍ដល់មន្ត្រីមានសមត្ថកិច្ច៕