ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌឬស្សីកែវ បានធ្វើការចេញវិធានការមួយ ទៅលើគ្រូហុងស៊ុយមួយរូបដែលបានបង្ហោះការចែកចាយ ស្ទីកគ័រ កាត់ឆុងរូបកណ្តុរ ដែលបង្កឲ្យអ្នកដែលមានជំនឿនាំគ្នាតម្រង់ជួរគ្នាត្រៀបត្រា     ទៅចាំទទួលយកស្ទីកគ័រកាត់ឆុងនោះទាំងយប់អាធ្រាត្រ ដែលហាក់បីដូចជាមិនមានការខ្លាចញញើតនឹងជំងឺកូវីដ១៩សោះ។


យ៉ាងណាមិញ នាយករដ្ឋបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ខាងអាជ្ជាធរក៏បានចុះទៅធ្វើការណែនាំដែរ ប៉ុន្តែមិនបានជួបគ្រូហុងស៊ុយរូបនោះទេ ហេតុនេះមានតែធ្វើលិខិតអញ្ជើញមួយដើម្បីឲ្យគាត់ទៅជួបខាងរដ្ឋបាលខណ្ឌ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ខាងមុខនេះតែម្ដង ដើម្បីធ្វើការណែនាំបន្ថែម ខណៈពេលដែលលេចឮដំណឹងមកដថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ខាងមុខនេះ គ្រូហុងស៊ុយរូបនោះនឹងមានការចែកស្ទីកគ័រកាត់ឆុងនោះម្តងទៀត។


គួរជម្រាបផងដែរថា នៅលើគណនីហ្វេសប៊ុកផេករបស់គ្រូហុងស៊ុយ ដែលមានឈ្មោះ Master Naly Fengdhui ក៏បានបង្ហោះសារថា    នឹងមានការចែកជូនស្ទីកគ័រកាត់ឆុងនោះបន្តទៀតដូចមានសេចក្ដីថា ” សំរាប់អ្នកខកខានបិតមិនទាន់ក្នុងយប់នេះ អាចបិតនៅថ្ងៃជូត ថ្ងៃបន្ទាប់នៅក្នុងខែមករានេះ គឺ ថ្ងៃទី 16 និងថ្ងៃទី 28 ខែមករា ម៉ោង 23:00-24:00 ( បញ្ជាក់ ក្នុងថ្ងៃទី 16 & 28 ម៉ោង 23:00-24:00 ត្រូវអោយអ្នកកើតឆ្នាំជូត រឺ អ្នកកើតថ្ងៃជូត ជាអ្នកប្រគល់ ស្ទិកគ័រ ជូនអ្នកដែលកើតឆ្នាំ ឆុង ខែ ឆុង ថ្ងៃ ឆុង ម៉ោង ឆុង” ។ ដែលការនេះអាចបង្កឲ្យមានការជួបជុំម្តងទៀត ជាហេតុនាំឲ្យមានការប៉ះពាល់យ៉ាងខ្លាំងចំពោះបញ្ហាប្រឈមដូចជាជំងឺកូវីដ១៩ជាដើម៕