ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានចុះឃាត់ខ្លួនមនុស្សចំនួន៨នាក់ ករណីប្លន់ម៉ូតូពលរដ្ឋពេលយប់ រកឃើញជនសង្ស័យចំនួន២នាក់ដែលជាប់ពាក់ព័ន្ធ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ខែមករា ឆ្នាំ២០២១ នៅចំណុចក្លិបសេះមាស តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន៖ ទី១-ឈ្មោះចេន បឿក ហៅអាបឿក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះ គឹម សួរ ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវសាមូរ៉ៃ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច ហើយគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះរបួសដេរ១៥ថ្នេរ នៅក្នុងបុរីTK3 ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ ដើម្បីសុំកិច្ចអន្តរាគមន៍។ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវ ។ លុះមកដល់វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ខែមករា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចេញល្បាត ក៏ប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះចេន បឿក នៅចំណុចមុខក្លិបសេះមាស តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយមានការសង្ស័យ ក៏ឃាត់ខ្លួនយកមកសួរនាំ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះប្រាកដមែន និងនៅមានបក្ខពួកផ្សេងទៀតកំពុងរាំលេងនៅក្នុងក្លិប ទើបសមត្ថកិច្ចបន្តចុះទៅឃាត់ខ្លួនបក្ខពួកបានសរុបទាំងអស់៨នាក់ ដើម្បីយកមកសួរនាំបន្តទៀត ។

ក្រោយពីស្តាប់ចម្លើយសារភាព ក្នុងចំណោមជនសង្ស័យទាំង៨នាក់នោះ មានជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង រួមជាមួយម៉ូតូ២គ្រឿង។ ដោយឡែកមនុស្សចំនួន៦នាក់ផ្សេងទៀតដែលមិនជាប់ពាក់ព័ន្ធ សមត្ថកិច្ចបានដោះលែងឱ្យទៅផ្ទះវិញ។ ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕