រាជធានីភ្នំពេញ ៖ ជនទំនើង និងគ្រឿងញៀន១៧នាក់ ដែលធ្វើសកម្មភាពបង្កអសន្តិសុខ និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងមូលដ្ឋាន នៃសង្កាត់ទឹកថ្លា ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រតិបត្តិការបង្រ្កាបចាប់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបេតុងមួយកន្លែង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យគ្រឿងញៀន១៧នាក់ក្នុងនោះមុខសញ្ញាជួញដូរគ្រឿងញៀន មានម្នាក់មានឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងគ្មានទីកន្លែងពិតប្រាកដ។ចំណែក១៦នាក់ទៀតជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលពួកគេជាអ្នកទិញថ្នាំញៀនពីឈ្មោះ ឡុង វិសាល ។

ប្រភពបន្តថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ ដោយមុនដំបូងកម្លាំងសមត្ថកិច្ចបានបង្រ្កាបជាក់ស្តែងករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង វិសាល ដកហូតគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០២ថង់តូច ។ ក្រោយពីឃាត់ខ្លួនជនស្ស័យនេះហើយក៏បានបន្តចុះធ្វើរដ្ឋបាលនៅចំណុចខាងលើដោយបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ១៦នាក់ទៀត និងម៉ូតូ០៩គ្រឿង ។

បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបាននឹងបន្តស្រាវជ្រាវស្វែងរកបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនិងការផ្គត់ផ្គង់គ្រឿងញៀនទៅឱ្យជនសង្ស័យគ្រឿងញៀនខាងលើ ៕