Turbo prop planes will be able to service the Mondulkiri domestic airport. Supplied

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញជាគោលការណ៍ ជ្រើសរើសយន្ដការភាពជាដៃគូ រវាងរដ្ឋ និងឯកជន លើ​ការសាងសង់​អាកាសយានដ្ឋានថា្នក់តំបន់ ​នៅលើទឹកដីខេត្តមណ្ឌលគិរី​។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា គម្រោងសិក្សាអំពីលទ្ធភាព នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះជិតចប់ហើយ។ ប៉ុន្ដែបើតាម​ការប៉ាន់ប្រមាណ​តម្លៃត្រួសៗ លើការស្ថាបនាអាកាសយានដ្ឋាន លំដាប់ 4C នេះ អាចនឹងត្រូវចំណាយថវិកា រហូតដល់​១០០ លានដុល្លារ​អាមេរិក។​

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ទោះជាយ៉ាងណា នៅពេលនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិល ត្រូវ​ពិភាក្សា និងពិគ្រោះយោបល់ អំពីនីតិវិធី ដែលត្រូវធ្វើ ហើយវាអាចចំណាយពេល ចន្លោះពី៦ទៅ៨ខែ ទើប​ដឹងថា រដ្ឋាភិបាលអាចចាប់ផ្តើមគម្រោងនៅពេលណា។

លោក ស៊ីន ចាន់សិរីវុត្ថា  បានបន្ថែមថា ការពិភាក្សានេះ​ត្រូវទាមទារលក្ខខណ្ឌតម្រូវការច្រើនសម្រាប់ឲ្យភាគីទាំងពីរ អនុវត្តការ​ងារ​ទៅបាន ថា​ភាគីឯកជនចង់បានអ្វី និងរដ្ឋមានគោលបំណងអ្វីខ្លះ។ ប៉ុន្ដែនៅ​ឯកភាពគ្នារួចហើយ ទើបរដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀងសម្បទាន ចាប់ផ្ដើមស្ថាបនាតែម្ដង។

បើតាមលិខិតរបស់ទីស្តីការណ៍គណៈរដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ណ៍ស៊ីវិលដឹកនាំ​ និង​រៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយក្រុមហ៊ុន Powerchina International Group សាងសង់ព្រលានថ្មី តាមនីតិវិធីជាធរមាន ដូចបានអនុវត្តកន្លងមកសម្រាប់គម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិត។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ធ្លាប់បានបញ្ជាក់ កាលពីខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរខេត្ត​ត្រៀមទុកដីទំហំ៦០០ ហិកតារ សម្រាប់សាងសង់អាកាយានដ្ឋាន​ថ្មីរួចហើយ។ រីឯតំបន់នោះ​មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ហើយតំបន់នោះក៏ជាទីតាំងអាកាសយានដ្ឋានចាស់ ដែលត្រូវបានអភិវឌ្ឍទៅជាសួនសាធារណៈផងដែរ។

ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានសម្រេចឱ្យក្រុមហ៊ុន Powerchina International Group សិ​ក្សា​​​​​ទៅ​លើគម្រោងសាង​សង់អាកាសយានដ្ឋានថ្នាក់តំបន់ នៅខេត្តមណ្ឌលគិរី នោះមក អ្នកជំនាញវិស័យដីធ្លី បានមើលឃើញថា ដំណើរចាប់​ផ្តើមរបស់រដ្ឋាភិបាល នៅពេលនេះ ​ជាសញ្ញាវិជ្ជមានមួយ សម្រាប់ពេលអនាគត។ ជាមួយគ្នានេះ ហាងឆេងដី នៅខេត្តមណ្ឌល​គិរី អាចនឹងឡើងថ្លៃខ្ពស់ផងដែរ៕