ខេត្តកណ្តាល៖ ដូចប្រិយមិត្តបានជ្រាបហើយ យុវតីជាសិស្សសាលាវ័យ១៨ឆ្នាំម្នាក់ ត្រូវឃាតករចាក់សម្លាប់គ្មានញញើតដៃ កាលពីវេលាម៉ោង០៧និង១០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពេញផ្ទៃប្រទេស ។ តែយ៉ាងណា ជនដៃដល់ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនបានភ្លាមៗ នាំទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា នារីរងគ្រោះឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ-សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល៦និង៣០នាទី ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់ជនរងគ្រោះមានឪពុកម្តាយ និងប្អូនប្រុស បាននាំគ្នាចេញទៅធ្វើការអស់ នៅសល់តែជនរងគ្រោះ និងប្អូនប្រុសម្នាក់ឈ្មោះ ផេង រិនណារ៉ុង អាយុ១០ឆ្នាំ នៅបន្ទប់ជួល។ បន្ទាប់មកជនរងគ្រោះបានប្រើប្អូនប្រុសឱ្យជិះកង់ទៅទិញបាយស្រូបយកមកហូបទាំងអស់គ្នា។ នៅពេលទិញបាយរួចហើយ ប្អូនប្រុសក៏យកបាយមកឱ្យជនរងគ្រោះវិញ ក៏ឃើញជនរងគ្រោះនៅក្នុងបន្ទប់តែពីរនាក់ជាមួយជនសង្ស័យ ពេលនោះជនរងគ្រោះបានប្រាប់ប្អូនថាកុំអាលទាន់ចូល ចំណែកជនសង្ស័យក៏បានប្រើប្អូនជនរងគ្រោះឱ្យទៅទិញបារីសេកចំនួន៥០០រៀល ។

ក្រោយពេលទិញបារីរួចហើយ ប្អូនប្រុសជនរងគ្រោះត្រឡប់មកវិញក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខផ្ទះជួល រួចហើយប្អូនជនរងគ្រោះក៏បានហុចបារីឱ្យ រួចក៏ចូលទៅមើលក្នុងបន្ទប់ក៏ឃើញជនរងគ្រោះដេកលើឥដ្ឋមានឈាមពេញលើទ្រូង ក៏បានស្រែកហៅជនសង្ស័យឱ្យមកជួយមើល ហើយជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងឱ្យមកជួយមើលទៀត បន្ទាប់មកជនសង្ស័យក៏បានលើកបីសពយកទៅពេទ្យតែម្តង។ តែយ៉ាងណា ជនដៃដល់ជាឃាតករត្រូវកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួនបានភ្លាមៗនាំមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ចាក់សម្លាប់ជនរងគ្រោះជាច្រើនកាំបិតលើដើមទ្រូង និងពោះបណ្តាយឱ្យដេកស្លាប់ក្នុងថ្លុកឈាមប្រាកដមែន។ ដោយសារតែខ្លួនធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយឱ្យបានដឹង និងថ្ងៃកើតហេតុចង់រំលោភម្តងទៀត តែជនរងគ្រោះមិនព្រម ក៏ចាក់សម្លាប់នាងចោលតែម្តង។

ជនសង្ស័យត្រូវសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូឃ្លីបសារភាពរបស់ជនដៃដល់ដូចខាងក្រោម៖