តាមពិតទៅ យើងគ្រប់គ្នាគួរតែរៀនថែទាំភ្នែកឱ្យមានសុខភាពល្អតាំងពីនៅក្មេងម៉្លេះ ដើម្បីពេលវិវត្តវ័យទៅភ្នែកនៅតែភ្លឺមើលឃើញច្បាស់។ នៅពេលដែលវ័យយើងកាន់តែដើរទៅមុខ ហើយបើមិនបានថែទាំល្អទៀត សុខភាពភ្នែកអាចចុះខ្សោយ ងាយនឹងកើតជំងឺភ្នែកផ្សេងៗ។ ដើម្បីឱ្យភ្នែកនៅតែមើលឃើញច្បាស់ គួរអនុវត្តតិចនិចទាំង៤ ខាងក្រោម៖

១. គេងឱ្យបានគ្រប់គ្រាន់៖ ភ្នែកយើងត្រូវការគេងយ៉ាងតិច៥ម៉ោងក្នុង១យប់ ដើម្បីដំណើរការបានល្អអំឡុងពេលថ្ងៃ។ ដូច្នេះ ការគេងមិនបានគ្រប់គ្រាន់អាចជាហេតុធ្វើឱ្យភ្នែកញាក់ ភ្នែកស្ងួត និងឡើងសរសៃក្រហម។

២. សម្រាកពីអេក្រង់៖ ជាទូទៅ អ្នកដែលធ្វើការជាមួយកុំព្យូទ័រ កម្រនឹងធ្មេចភ្នែកណាស់ ព្រោះកំពុងផ្ចង់អារម្មណ៍ធ្វើការ ដែលជាហេតុធ្វើឱ្យភ្នែកស្ងួត ស្ពឹក។ យើងគួរដាក់ពន្លឺអេក្រង់ឱ្យបានសមនឹងភ្នែកទទួលបាន ហើយសម្រាកភ្នែករាល់២០នាទីម្ដង និងត្រូវឧស្សាហ៍ធ្មេចភ្នែកពេលកំពុងបំពេញការងារ។

៣. ញ៉ាំអាហារដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់៖ អាហារមួយចំនួនដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម អាចកាត់បន្ថយហានិភ័យជំងឺភ្នែក និងបញ្ហាខូចភ្នែកដោយសារត្រូវពន្លឺថ្ងៃ ផ្សែងបារី និងខ្យល់ពុល។ យើងអាចរកវាបាននៅក្នុងស៊ុត បន្លែបៃតង ម្ទេសប្លោកក្រហម និងលឿង ប៉េងប៉ោះជាដើម។

៤. ពិនិត្យសុខភាពភ្នែកជាប្រចាំ៖ ចំណុចនេះសំខាន់បំផុតថែរក្សាភ្នែកឱ្យមានសុខភាពល្អ ជាពិសេសសម្រាប់មនុស្សចាស់។ យើងគួរពិនិត្យភ្នែកយ៉ាងតិច២ឆ្នាំម្ដង ដើម្បីមើលពីស្ថានភ្នែក ឬព្យាបាលជំងឺភ្នែកផ្សេងៗមុននឹងវាចេញរោគសញ្ញាខ្លាំង៕