សក់ជាផ្នែកមួយសំខាន់ ដែលជួយឱ្យស្រ្ដីកាន់តែមានភាពទាក់ទាញ។ ប៉ុន្ដែមិនមែនគ្រប់គ្នាសុទ្ធតែអាចមានសក់ស្អាតមានសំណើម ទន់រលោង មិនស្ងួត ហើយមានសភាពរឹងមាំនោះទេ បើមិនបានដឹងពីរបៀបថែទាំ។

១. សក់មានជាតិប្រេង ដោយប្រើការ៉ុត៖ ការថែរក្សាសក់ដែលមានជាតិប្រេងអ្នកគួរតែប្រើគ្រឿងធម្មជាតិដើម្បីថែរក្សាសក់របស់អ្នកដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ប្រើការ៉ុត ដំបកសំបក រួចលាងទឹកស្ងោរឱ្យឆ្អិន បន្ទាប់មកកិនការ៉ុត ហើយលាបពេញលើសក់ប្រមាណ១៥នាទី រួចលាងទឹកចេញ។ យ៉ាងហោចណាស់គួរធ្វើឱ្យបាន២ទៅ៣ដងក្នុង១សប្ដាហ៍។

២. វិធីធ្វើឱ្យសក់រលោង និងត្រង់មិនបែកចុងដោយទឹកអង្ករ៖ អ្នកមិនគួររំលងទឹកអង្ករនោះទេ ពីព្រោះបរិមាណវីតាមីនB1 ជាច្រើនរួមនឹងសារធាតុចិញ្ចឹម ដែលផ្ដល់សំណើមដល់សក់របស់អ្នកជាមួយការប្រើទឹកអង្ករ។ អ្នកគ្រាន់តែយកទឹកអង្ករមកលាបឱ្យសព្វសរសៃសក់ ហើយផ្អាប់ទុក១៥នាទី រួចលាងទឹកចេញជាការស្រេច។

៣. វិធីធ្វើឱ្យសក់ទន់ មិនជ្រុះដោយប្រើស៊ុតធម្មជាតិ៖ ស៊ុតមិនត្រឹមតែជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមប៉ុណ្ណោះទេ វាថែមទាំងជួយបំប៉នសក់យ៉ាងមានប្រសិទ្ធភាពបំផុត។ ប្រើស៊ុតលាបលើសរសៃសក់ឱ្យបានយ៉ាងហោចណាស់៣ដងក្នុង១សប្ដាហ៍ នឹងធ្វើឱ្យសក់រលោងមានសំណើម និងមិនជ្រុះ។

៤. វិធីធ្វើឱ្យសក់រលោងជាមួយទឹកឃ្មុំ៖ ទឹកឃ្មុំមិនត្រឹមតែមានសមត្ថភាពធ្វើឱ្យស្បែកស្រស់ស្អាត និងមានសំណើមទេ វាក៏អាចជួយឱ្យសក់រលោងបានដែរ។ ដោយគ្រាន់តែលាបទឹកឃ្មុំលើសរសៃសក់ ទុកចោល១៥នាទី រួចលាងទឹកចេញជាការស្រេច។

៥. អាថ៌កំបាំងក្នុងការធ្វើឱ្យសក់ភ្លឺរលោងបំបាត់អង្កែជាមួយសំបកក្រូចថ្លុង៖ សំបកក្រូចថ្លុងមានសារធាតុប្រេងសំខាន់ៗ ដែលស្រ្ដីនៅខាងប៉ែកអឺរ៉ុបចូលចិត្តប្រើ ដើម្បីជួយឱ្យសក់រលោង រឹងមាំ និងព្យាបាលអង្កែក្នុងស្បែកក្បាលយ៉ាងមានប្រសិទ្ធភាព៕