ភ្នំពេញ៖ អតីតតារាកំប្លែង និងជាតារាចម្រៀងវ័យក្មេងមួយរូប នាយ ចឺម បានរៀបរាប់ពីភាពកម្សត់កម្រដ៏ជូរចត់មួយ ក្រោយពីខ្លួនបានជោគជ័យនៅលើវិថីសិល្បៈនាពេលបច្ចុប្បន្ននេះ។ នាយចឺមបានរៀបរាប់ថា ទម្រាំតែខ្លួនមានជីវិតល្អប្រសើរដូចសព្វថ្ងៃនេះ រូបលោកបានប្រឹងប្រែងខ្លាំងណាស់ដើម្បីខ្លួនឯង និងគ្រួសារ ដោយរូបលោកប្រឹងធ្វើការស្ទើររកពេលសម្រាកគ្មាន រហូតធ្វើឲ្យមហាជនសម្តែងក្ដីអាណិតអាសូរ ក៏ដូចជាការកោតសរសើរចំពោះទឹកចិត្តរបស់លោកដែលមានលើគ្រួសារ ក៏ដូចជាម្តាយរបស់លោកផងដែរ។


ក្នុងនោះផងដែរ នាយ ចឺម បានពោលទាំងទឹកភ្នែកថា កាលពីពេលកន្លងមកនេះ រូបលោកបានឆ្លងកាត់រឿងរ៉ាវលំបាកជាច្រើន ទម្រាំតែបានឈានជើងចូលក្នុងវិថីសិល្បៈរហូតទទួលបានភាពជោគជ័យដូចពេលនេះ។ ក្នុងពេលនោះដែរ លោកក៏បានបញ្ជាក់ថា រាល់ការសន្យាជាមួយអ្នកម្តាយរបស់លោក គឺលោកត្រូវតែធ្វើឲ្យបាន ជាពិសេសគឺការសន្យាជាមួយម្ដាយថានឹងសង់ផ្ទះមួយជូនសម្រាប់គាត់ ទាំងដែលពេលនោះលោកមិនទាន់មានលុយគ្រប់គ្រាន់នៅឡើយ។

នាយ ចឺម ក៏បានបន្ថែមថា តាំងតែពីលោកហ៊ានសន្យារឿងសង់ផ្ទះជូនម្តាយនេះរួច លោកបានខិតខំប្រឹងប្រែងខ្លាំងបំផុតដើម្បីបានចេញច្រៀងរកប្រាក់ចំណូលដើម្បីសម្រេចក្តីបំណងជូនអ្នកម្តាយតាមអ្វីដែលរូបលោកបានសន្យាកាលពីពេលកន្លងមកនេះ។ ជាពិសេសលោកបានលើកឡើងថា អំឡុងពេលមួយខែពេញ គឺរូបលោកបានធ្វើការពេញមួយខែ ដែលថ្ងៃខ្លះលោកចេញច្រៀងដល់ទៅពីរដងឯណោះក្នុងមួយថ្ងៃ។


នាយបានបន្តទៀតថា ចំពោះការឡើងច្រៀងម្ដងៗ គឺលោកទទួលបានតម្លៃខ្លួនពី ១៥០០ដុល្លារ ឬ១៦០០ដុលា្លរ ហើយនៅពេលដែលទទួលបានលុយទាំងនោះលោកបានប្រគល់ជូនអ្នកផ្ទះស្ទើរតែទាំងអស់ ដោយទុកនៅនឹងខ្លួនត្រឹមតែ ៥០ ឬ១០០ដុល្លារតែប៉ុណ្ណោះ។ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រកាន់តែរំជួលចិត្តទៀតនោះគឺលោកព្យាយាមធ្វើយ៉ាងណា ដើម្បីសម្រេចក្ដីប្រាថ្នា ក៏ដូចជាការសន្យារបស់លោកជាមួយអ្នកម្តាយតែម្ដង។ ហើយពេលនេះ លោកក៏បានសម្រេចបំណងប្រាថា្ន និងបំពេញសន្យាមួយនេះរួចរាល់ហើយដែរ បើទោះបីជាផ្ទះដែលលោកបានសាងសង់នោះ នៅមានជំពាក់គេខ្លះក៏ដោយ។ ទាំងនេះគឺជាភាពកត្តញ្ញូដែលលោកមានចំពោះម្ដាយ និងបងស្រីរបស់លោកផងដែរ៕