បរទេស៖ អ្នកដំណើរជាច្រើននាក់នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានផ្ទុះការឆោឡោផ្អើលពេញកាប៊ីន បន្ទាប់ពីអ្នកដំណើរដែលកើតជំងឺកូវីដ១៩ ម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពេលយន្តហោះចុះចតបន្ទាន់ នៅក្នុងទីក្រុង New Orleans នៃរដ្ឋ Louisiana សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

ភរិយាជនរងគ្រោះបានប្រាប់អ្នកដំណើរថា ប្តីរបស់នាងចេញរោគសញ្ញានៃជំងឺកូវីដ១៩ អស់រយៈពេល ១សប្តាហ៍ទៅហើយ ដោយលែងដឹងរសជាតិ និងក្លិន។ ដោយឡែក ក្រុមហ៊ុនខាងលើបានអះអាងថា ជនរងគ្រោះបានកុហកអំពីរោគសញ្ញារបស់ខ្លួន នៅកន្លែង check-in នៅពេលគេសួរថាមានជំងឺកូវីដ១៩ ឬក៏អត់។
មុនពេលកើតហេតុ ជនរងគ្រោះត្រូវគេប្រទះឃើញញ័រខ្លួន និងបែកញើសខ្លាំង ហើយពិបាកដកដង្ហើម មុនពេលយន្តហោះចាប់ផ្តើមហោះឡើង។ ក្នុងអំឡុងពេលយន្តហោះកំពុងនៅលើអាកាស អាការៈរបស់ជនរងគ្រោះកាន់តែយ៉ាប់យ៉ឺនទៅ ហើយកាពីតែនក៏បានសម្រេចចិត្តធ្វើការចុះចតជាបន្ទាន់តែម្តង។
ក្រោយពេលចុះចតរួច ក្រុមអ្នកសង្គ្រោះដែលត្រូវបានគេអនុញ្ញាតឲ្យចូលមកជួយនោះ បានព្យាយាមសង្គ្រោះជនរងគ្រោះដែរ ប៉ុន្តែមិនយូរប៉ុន្មានគេក៏បានស្លាប់តែម្តង ៕