រាជធានីកូឡាឡាំពួរ៖ រហូតមកដល់ពេលនេះ នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩មុនគេ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើវ៉ាក់សាំងនេះ។

​បើតាមសារព័ត៌មាន CNA  មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា លោក​ Muhyiddin Yassin នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី នឹង​ទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ដែលអភិវឌ្ឍឡើង ដោយ​ក្រុមហ៊ុន​អាមេរិក Pfizer សហការជាមួយនឹងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ។ ការទទួលចាក់វ៉ាក់សាំងមុនគេ នៅក្នុងប្រទេសម៉ាឡេស៊ីរបស់លោកនាយករដ្ឋមន្រ្ដី គ៏ដើម្បីផ្ដល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះផងដែរ​

លោក Muhyiddin Yassin បាន​បញ្ជាក់ថា វ៉ាក់សាំងនេះ នឹងត្រូវចចាក់ដល់បុគ្គលិកសុខាភិបាលជួរមុខ ដែលព្យាបាលអ្នកជំងឺកូវីដ-១៩។  បន្ទាប់មកវ៉ាក់សាំងនេះនឹងចាក់ដល់ក្រុមមនុស្សប្រឈមនឹងហានិភ័យខ្ពស់ ដូចជា មនុស្សចាស់ជរា និងក្រុមអ្នកមានជំងឺផ្លូវដង្ហើម…ជាដើម។ រដ្ឋាភិបាល នឹងធានានូវការផ្គត់ផ្គង់វ៉ាក់សាំងជាបន្ទាន់ ហើយរដ្ឋាភិបាលរំពឹងថា ការផ្គត់ផ្គង់វ៉ាក់សាំង ចំនួន១លានដូស ជាលើកដំបូងពីក្រុមហ៊ុន Pfizer នឹង​​ចាក់ដល់ប្រជាជនរបស់ម៉ាឡេស៊ី នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ»។

សូមជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ​ម៉ាឡេស៊ីបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ​-១៩ ពីក្រុមហ៊ុន Pfizer ចំនួន ១២,៨លានដូស។បើតាម​កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Pfizer នឹងចែកចាយវ៉ាក់សាំង ចំនួន ១លានដូស ជាលើកដំបូង នៅក្នុងត្រីមាសទី១ នាឆ្នាំ២០២១​៕