ភ្នំពេញ: តារាកំប្លែងជើងចាស់នាងឃ្មឹប ខូចចិត្តមានវិបត្តិក្នុងជីវិតគិតអីមិនចេញ ក៏សម្រេចចិត្តគិតខ្លី ដើរមកស្ពានជ្រោយចង្វារចាស់ រួចលោតចុះទឹក ប៉ុន្តែមិនបានសម្រេច ដោយសារតែមានបងប្អូនប្រជាពលរដ្ឋឃាត់ទាន់ពេលវេលា។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមអ្នកជិះម៉ូតូលើស្ពានជ្រោយចង្វារ ហើយបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីដែលគេធ្លាប់ស្គាល់ច្បាស់ថាជាអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាងឃ្មឹប បានដើរឡើងស្ពានទាំងទឹកភ្នែក ហើយពេលមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែឈរយំមួយសន្ទុះ រួចហើយក៏តោងបង្កាន់ដៃស្ពាន បម្រុងនឹងលោតចុះចូលក្នុងទឹកទន្លេ តែត្រូវបានអ្នកធ្វើដំណើរក្បែរៗនោះ រត់ចូលទៅចាប់ទាន់ ហើយទាញចុះមកក្រោមបង្កាន់ដៃស្ពានវិញ។ លុះពេលសួរនាំទៅ អ្នកនាងឃ្មឹបបានរៀបរាប់ទាំងទឹកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់អើពើជួយនោះទេ សូម្បីតែទៅជួលផ្ទះគេ ក៏គេមិនជួលឲ្យដែរ មិនដឹងថាស្នាក់នៅទីកន្លែងណា និងទីពឹងអ្នកណាអី ទើបសម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួនបញ្ចប់ជីវិតតែម្តងទៅ។ ជាចុងក្រោយអ្នកនាងឃ្មឹប គ្រាន់តែចង់ឲ្យមានគេហៅទៅសម្តែង និងច្រៀងតាមភោជនីយដ្ឋានដូចកាលមុនៗទៀត ដើម្បីបានប្រាក់កំរៃគ្រាន់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ៕