នាងខ្មឹប ដែលជាតារាកំប្លែងមួយរូប បានសម្រេចចិត្តរត់ទៅលោតទឹកសម្លាប់ខ្លួនដែលមានទីតាំងនៅស្ពានជ្រោយចង្វារ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ វេលាប្រមាណជាម៉ោង ១ និង ១៥នាទីយប់។ ប៉ុន្តែការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរបស់នាងមិនបានសម្រេចនោះទេ ព្រោះត្រូវបានប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលា។

រឿងរ៉ាវនៅពីក្រោយនៃការប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរបស់នាងនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាសួរនាំថាមានរឿងអ្វីបានជានាងគិតខ្លីបែបនេះ? នាងខ្មឹបបានយំបណ្តើរ រៀបរាប់បណ្តើរថា នាងលែងចង់រស់ហើយ នាងបាក់ទឹកចិត្តខ្លាំងណាស់ ក្នុងមួយជីវិតនេះនាងស្ទើរតែមិនសល់អ្នកណាដែលជាបង្គោលជីវិតឡើយ ម្យ៉ាងទៀតនាងបានលែងលះជាមួយនាយហុងដា រីឯកូនសម្លាញ់របស់ខ្លួនក៏ត្រូវជាប់គុក ហើយលោកឪពុករបស់នាងក៏បានចែកឋានបាត់ទៀត។

អ្នកដែលបានប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋដែលបានដឹង និងឃើញអំពីភាពសោកសង្រេងរបស់នាងហើយ ធ្វើឲ្យពួកគេមានការរំជួលចិត្តអាណិតអាសូរនាងខ្មឹបជាពន់ពេក មិនគួរណាជីវិតរបស់នាងជួបនូវទុក្ខផ្ទួនៗគ្នាបែបនេះសោះឡើយ។