ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ផ្ទះនិងប្រជាពលរដ្ឋជិតខាងព័ទ្ធចាប់បាន ហើយបញ្ចេញកំហឹង ម្នាក់១ដៃម្នាក់១ជើង បណ្តាលឲ្យបែកមុខបែកមាត់ ក្រោយពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពចូលលួចលុយក្នុងផ្ទះគេ កាលពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

លោក ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា មានពលរដ្ឋឈ្មោះ មាន ចាន់ថន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក បានប្ដឹងរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតថា មានករណីប្រជាពលរដ្ឋចាប់បានចោរចូលលួចលុយនៅក្នុងផ្ទះរបស់ម្ចាស់ឈ្មោះ ប្រាក់ ថង ភេទស្រី អាយុ៦០ឆ្នាំ នៅចំណុចផ្សារពីរជាន់បឹងត្រកួន (កំពង់សាងសង់) ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ បានឃើញប្រជាពលរដ្ឋចាប់ជនសង្ស័យឈ្មោះ ផ្លាយ សុផ្លា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងនាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានចូលលួចយកលុយរបស់ឈ្មោះ ប្រាក់ ថង នោះពិតប្រាកដមែន ។ ម្យ៉ាងវិញទៀតនៅពេលដែលនគរបាលចុះទៅដល់ន្លែងនោះឃើញមានវត្ថុតាងលុយថៃដែលជនសង្ស័យលួចបានចំនួន៤ ៨៤០បាត និងលុយខ្មែរចំនួន១៥0 000រៀល លុយទាំងអស់បានប្រគល់ជូនម្ចាស់ដើមវិញ ។

បន្ទាប់មក សមត្ថកិច្ចនាំជនសង្ស័យឈ្មោះ ផ្លាត សុផ្លា បញ្ជូនទៅព្យាបាលជាមុខ ទើបបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕