ទីក្រុងតៃប៉ិ៖ ស្រ្ដីម្នាក់បានចាប់ច្របាច់កកូនបង្កើតរបស់ខ្លួន ចំនួន២នាក់ រហូតបាត់បង់ជីវិត ហើយត្រូវបានតុលាការ នៃដែនកោះមួយនេះ កាត់ទោសប្រហារជីវិត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមសារព័ត៌មាន Taiwan News ចេញផ្សាយ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា ស្ត្រីម្នាក់រស់នៅទីក្រុងតៃប៉ិ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត កាលពីថ្ងៃពុធ (២៥ វិច្ឆិកា) ពីបទ «ធ្វើឃាតកូនតូចរបស់នាង ចំនួន២នាក់»។ ការកាត់ទោសបែបនេះ ធ្វើឱ្យមេធាវីការពារក្ដីរបស់ជនត្រូវចោទ រិះគន់ដល់តុលាការ ហើយមេធាវីរបស់ជនត្រូវចោទ សន្យាថានឹងប្តឹងឧទ្ធរណ៍បន្ដទៀត។

ដោយឡែកសារព័ត៌មាន CNA បានផ្សាយថា កាលពីដើមឆ្នាំនេះ ស្រ្ដីជាម្ដាយ មានអាយុ៣០ឆ្នាំ ដាក់ឈ្មោះក្រៅ « Wu» កើតមានបញ្ហាវិបត្ដិហិរញ្ញវត្ថុ និងបញ្ហាគ្រួសារ។ លុះក្រោយមក នាងបានច្របាច់កកូនប្រុស អាយុ៨ឆ្នាំ និងកូនស្រីអាយុ៦ឆ្នាំ រហូតដល់ស្លាប់។ ដោយសារតែការធ្វើឃាតលើកូនបង្កើតរបស់ខ្លួនបែបនេះ ទើបតុលាការទីក្រុងតៃប៉ិ កាលពីថ្ងៃពុធ (ទី២៥ ខែវិច្ឆិកា) បានសម្រេចកាត់ទោសប្រហារជីវិតជនត្រូវចោទ ពីបទ «មនុស្សឃាត»។

បើតាមរដ្ឋអាជ្ញា បានឲ្យដឹងថា ជនត្រូវចោទ « Wu» បានផ្លាស់មករស់នៅជាមួយគ្រួសារខាងប្ដីរបស់នាង នៅក្នុងអំឡុងឆ្នាំ២០១៩ បន្ទាប់ពីនាងលែងលះគ្នាជាមួយនឹងប្ដី ហើយមិនមានការងារធ្វើ។ លុះមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ២០២០ នាងបានកើតមានជម្លោះយ៉ាងខ្លាំងជាមួយនឹងបងថ្លៃប្រុស និងប្អូនថ្លៃស្រីរបស់នាង។ នៅយប់នោះ នាងបានចូលទៅក្នុងសណ្ឋាគារមួយ ដើម្បីជួលបន្ទប់ស្នាក់នៅ ហើយព្យាយាមប្រើខ្នើយ សម្លាប់កូនទាំង២នាក់របស់នាង។ ប៉ុន្តែដោយសារតែពួកគេរើបម្រះខ្លាំង ទើបនាងមិនអាចសម្លាប់ពួកគេបាន។ ប៉ុន្ដែពីរថ្ងៃក្រោយមកទៀត នាងបាននាំកូនទាំង២នាក់របស់ទៅសណ្ឋាគារមួយទៀត ជាកន្លែងដែលនាងដាក់ថ្នាំងងុយដេកដល់កូនៗរបស់នាង មុនពេលច្របាច់កពួកគេ រហូតដល់ស្លាប់៕