ភ្នំពេញ ៖ ជនល្មោភកាមម្នាក់បានចាប់រំលោភកូនឈ្នួលខ្លួនឯងបានសម្រេច បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ត្រូវបងប្រុសរបស់ជនរងគ្រោះប្ដឹងឱ្យសមត្ថកិច្ចចាប់វាយខ្នោះ និងដកហូតរថយន្ត FORD RANGER មួយគ្រឿង។

ជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ (ជនសង្ស័យពុំមានសារធាតុញៀនទេ)។ចំណែកជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះជនសង្ស័យ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលជនរងគ្រោះកំពុងតែដេកនៅជាន់ផ្ទាល់ដីម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះបានមកពីខាងក្រៅលូកដៃដោះសោដែលថ្ពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ ។ ពេលនោះជនសង្ស័យ ក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះទាញមកឱប រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាចជនសង្ស័យសម្លាប់ចោល។ ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ជាមួយប្រពន្ធរបស់គេដូចធម្មតា ។

បន្ទាប់មក ជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅចាប់ជនសង្ស័យវាយខ្នោះ និងដកហូតរថយន្ត FORD RANGER មួយគ្រឿង យកមកធ្វើការសាកសួរ នៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល។

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី រូបគេធ្លាប់បានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះម្តងដែរ តែជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ រួចរូបគេក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយមកឱ្យជនរងគ្រោះហូប ហើយរូបគេក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ខ្លួនវិញ រហូតដល់ថ្ងៃកើតហេតុខាងលើ រូបគេក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះ រហូតបានសម្រេចតែម្តង ។ជនសង្ស័យ ត្រូវជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ ។