ខេត្តសៀមរាប ៖ នារីស្រស់ស្អាតវ័យក្មេងម្នាក់ ត្រូវកម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានចាប់ឃាត់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ ក្រោយពីធ្វើសកម្មភាពចូលក្នុងផ្ទះគេលួចប្រាក់និងគ្រឿងអលង្ការ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុង ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

នារីសង្ស័យ មានឈ្មោះ ទ្រី រ៉ូមីហ្សឺ ហៅ ធី នីតា អាយុ១៨ឆ្នាំ ជនជាតិខ្មែរអ៊ិ-ស្លាម មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង–ខេត្តសៀមរាប ។

លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ខណៈពេលដែល ជនរងគ្រោះឈ្មោះ សំ ស្រីដែន ហៅ ហ្វាស៊ីរ៉ា ភេទស្រី អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ិ-ស្លាម មុខរបរ បុគ្គលិកផ្សារទំនើប មានទីលំនៅភូមិ/សង្កាត់កើតហេតុខាងលើ មានធុរៈចេញទៅខាងក្រៅ ពេលនោះ ជនសង្ស័យ ឈ្មោះ ទ្រី រ៉ូមីហ្សឺ បានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់គេងរបស់ជនរងគ្រោះ ដែលជនរងគ្រោះមិនបានចាក់សោទ្វារ ហើយជនសង្ស័យបានធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិដូចជា កងដៃឈុត ធ្វើអំពីផ្លាកទីន ចំនួន១០កង ដែលមានតម្លៃទឹកប្រាក់ស្មើនឹងចំនួន៧០០ដុល្លារអាមេរិក, ខ្សែដៃចំនួន០១ខ្សែ ប្រភេទច្រវាក់ឆាប ធ្វើអំពីផ្លាកទីន ចំនួន០១ខ្សែ មានទម្ងន់០៥ជី តម្លៃ៥០០ដុល្លារអាមេរិក , ចិញ្ចៀនម៉ូដផ្កាច័ន្ទត្បូងពណ៌សធ្វើអំពីផ្លាកទីន ចំនួន០១វង់ មានតម្លៃ៧០ដុល្លារអាមេរិក, ទូរស័ព្ទ ipadចំនួន០១គ្រឿង ពណ៌មាស មានតម្លៃ៥២០ដុល្លារអាមេរិក, ប្រាក់ដុល្លារចំនួន៤០ដុល្លារអាមេរិក, ប្រាក់បាតថៃ ចំនួន ២០០បាត, ប្រាក់ខ្មែរចំនួន ១៨០០ ០០០រៀល ដែលជនរងគ្រោះទុកនៅក្នុងទូខោអាវដោយមិនបានចាក់សោ។

លោកស្នងការរង បន្តទៀតថា ក្រោយពេលធ្វើសកម្មភាពរួច នារីសង្ស័យបម្រុងដើរចេញមកក្រៅ ដើម្បីគេចខ្លួន ត្រូវឪពុករបស់នារីរងគ្រោះ បានឃើញជនសង្ស័យ ហើយធ្វើការឃាត់ខ្លួននារីសង្ស័យបានភ្លាមៗយកមកប្រគល់ឲ្យសមត្ថកិច្ច ។

នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យបានធ្វើសកម្មភាពលួចពិតប្រាកដមែន ។ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សម្ភារគ្រប់ចំនួនទៅម្ចាស់ដើមវិញ ។ ចំណែក នារីសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕