ប្រទេសថៃ៖ ​ក្រោយពី​មាន​មនុស្ស​យ៉ាងតិច ៥៥​នាក់​បាន​រង​របួស ​ក្នុង​នោះ​មាន ៦​នាក់​បាន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ជិត​រដ្ឋសភា​កាលពី​យប់​មុន ​អាជ្ញាធរថៃកំពុងវែកមុខជនទីបី ដែលបានប្រើកាំភ្លើងបាញ់ទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលទាំងនោះ។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា។

ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ជិត​រដ្ឋសភា​រវាង ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល និងប៉ូលិស គេបានរកឃើញមនុស្សចំនួន ៦នាក់ បានរងរបួសដោយសារគ្រាប់កាំភ្លើង។ ភ្លាមៗ ក្រុមអ្នកតវ៉ាបានធ្វើការប្រមូលផ្តុំគ្នា ដើម្បីធ្វើការឡោមព័ទ្ធទីបញ្ជាការនគរបាលជាតិថៃ។

នៅ​ក្នុង​ពេលវេលា​ដ៏​តឹងតែង​នោះ​ ហ្វូង​មនុស្ស​ដែល​ពេញ​ដោយ​កំហឹង​បាន​ស្រែក​ជេរ​ប្រមាថ ​និង​បាញ់​កាំភ្លើង​ទឹកទៅលើ​ក្រុម​មន្ត្រី ​ដែល​ត្រូវ​បាន​រារាំង​នៅ​ខាងក្នុង​បរិវេណ​ខាងក្រោយ​ទ្វារ​ដែក​ និង​រនាំង​បន្លា​លួស ​ខណៈ​ដែល​អ្នក​ផ្សេងទៀត​បាន​បិទ​ច្រក​ចូល​សំខាន់​មួយ​ ទៅកាន់​បរិវេណ​ស្នងការ​នគរបាល​ថៃ​ដោយ​ប្រើ​ថ្នាំ​ពណ៌​ និង​គំនូរ​ប្រឆាំង​នឹង​រាជា​និយម និង​ប្រឆាំង​រដ្ឋាភិបាល​។​

ការ​ប្រមូល​ផ្តុំ​គ្នា​នេះ​ត្រូវ​បាន​គេ​ហៅថា ​ជា​ការ​សងសឹក​ចំ​ពោះ​ក្រុម​នគរបាល​ដែល​ប្រើ​ដៃ​ធ្ងន់​ ក្នុង​ការ​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​ក្បែរ​អគារ​ក្បែរ​រដ្ឋសភា​កាលពី​ថ្ងៃ​អង្គារ​។ ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​ស្ងប់ស្ងាត់​ ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែ​ទម្រង់​ ខណៈ​សមាជិក​សភា​បាន​ពិភាក្សា​អំពី ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​អគារ​សភា​មាត់ទន្លេ​។

គួរជម្រាបថា ក្រោយពីជជែកដេញដោលគ្នាអស់រយៈពេលពីរថ្ងៃ សមាជិកសភាថៃបានបដិសេធសំណើរលើសេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលស្នើឡើងដោយក្រុមអ្នតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលធ្វើឱ្យក្រុមបាតុករទាំងនោះគ្មានជំរើសផ្សេងក្រៅពីធ្វើការតវ៉ាតាមដងផ្លូវបន្តទៀតនោះទេ​ ៕