ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅក្នុងខែឧសភា ឆ្នាំ១៩៤៧ សមាជិកគណៈកម្មាធិការរួមជាតិ២នាក់ គឺ រស់ យឿន និងម៉ី ភូរិន្ទ ដែលជាមនុស្សជំនិតនឹងប៉ុក គុណ ហៅតាត្រឡាច (ឪពុកមា ប៊ុណ្ណ ចន្ទម៉ុល) ត្រូវរងការបាញ់សម្លាប់យ៉ាងអាថ៌កំបាំងបំផុត។ ក្រោយការបាញ់សម្លាប់នោះ ប្រហែល៤ថ្ងៃ ទើបដំណឹងនេះ បានឮទៅដល់ ប៉ុក គុណ ហៅតាត្រឡាច ដែលកំពុងស្នាក់នៅឯក្រុងបាងកក ។ ពេលនោះប៉ុក គុណ ក៏បានដាក់ពាក្យបណ្ដឹងទៅតម្រួតសៀម ពីករណីឃាតកម្មដ៏អាថ៌កំបាំងនេះ ហើយគាត់បានបញ្ជាឲ្យប៊ុណ្ណ ចន្ទម៉ុល ជាក្មួយ និងសហការី៣នាក់ទៀត ទៅពិនិត្យសាកសពមេឥស្សរៈឈ្មោះរស់ យឿន និងម៉ី ភូរិន្ទ នោះ ដោយមានតម្រួតសៀមទៅជាមួយដែរ ។ ផ្នូររបស់មេឥស្សរៈទាំង២ ស្ថិតនៅចម្ងាយពីគ្នាប្រមាណ៥ម៉ែត្រ ប៊ុណ្ណ ចន្ទម៉ុល ក៏សុំគាស់សាកសពនោះមើលឲ្យច្បាស់ ដោយខំប្រឹងកាប់គាស់ដីកាយផ្នូរសព រស់ យឿន ដែលហើមស្អុយខ្លាំងហើយនោះ តែម្នាក់ឯង និងយកម៉ាស៊ីនថតរូបទៅថតសាកសពជាច្រើនប៉ុស្តិ៍។ បន្ទាប់មក គាត់ក៏សុំលើកសាកសពម៉ី ភូរិន្ទ ចេញពីផ្នូរដើម្បីពិនិត្យ និងថតរូបទៀត ប៉ុន្តែតម្រួតសៀមប្រាប់ថា ថ្នាក់លើរបស់គេ គ្រាន់តែឲ្យមកពិនិត្យមើលសាកសពតែប៉ុណ្ណោះ គឺមិនឲ្យថតរូបទេ តែបើបានជាជ្រុលថតសពរស់ យឿន ហើយ ក៏ថតទៅចុះ តែកុំថតបន្តទៀត ហើយពួកតម្រួតសៀម ក៏សុំហ្វីលដែលថតហើយនោះ ទុកយកទៅផ្ដិត ក៏យកទៅបាត់រហូតទៅ។

ក្រោយមករឿងអាថ៌កំបាំងឃាតកម្មទៅលើសមាជិកគណៈរួមជាតិទាំង២នាក់នោះ ត្រូវបានពួកសៀមបំបាត់សូន្យឈឹង ហើយពេលនោះ ដាប ឈួន ក៏ផ្ដាច់ទំនាក់ទំនងជាមួយ ប៉ុក គុណ ហៅតាត្រឡាច និងប៊ុណ្ណ ចន្ទម៉ុល ផងដែរ។
ប៊ុណ្ណ ចន្ទម៉ុល បានធ្វើការសន្និដ្ឋានថា ដាប ឈួន ជាជនស្រេកឈាម និងស្រឡាញ់តែអំណាចបុណ្យស័ក្ដិនោះ បានឃុបឃិតគ្នារបស់ពួកសៀម ដែលជាមេដឹកនាំកំពូលរបស់គណៈកម្មាធិការរួមជាតិ(គ.រ.ជ) សម្លាប់ រស់ យឿន និង ម៉ី ភូរិន្ទ ដោយសារមានបញ្ហាទំនាស់ផ្ទៃក្នុង ពិសេសគឺដោយសារខឹងនឹងមេឥស្សរៈទាំង២នាក់នេះ ហ៊ានប្រឆាំងនឹងផែនការរបស់ពួកសៀម ដែលឱ្យពួកមេឥស្សរៈទាំងអស់នៅក្នុងគណៈកម្មាធិការរួមជាតិរបស់ខ្លួនលួចធ្វើសកម្មភាពសម្ងាត់ឆក់ប្លន់លុយកាក់មាសប្រាក់ពីប្រជារាស្រ្តខ្មែរ ដើម្បីយកលុយកាក់មកទ្រទ្រង់ការតស៊ូប្រឆាំងនឹងបារាំង ។
ដោយមើលឃើញច្បាស់ថា ពួកសៀម និងដាប ឈួន ប្រព្រឹត្តិអំពើសាហាវឃោរឃៅ សម្លាប់តែអ្នករួមអាវុធតស៊ូជាមួយគ្នាដូច្នេះ ព្រះអង្គម្ចាស់ នរោត្តម ចន្ទរង្សី , ម៉ី ផូ , ហែម សាវ៉ាង និងមៅ សារួត ក៏បានដកខ្លួនចេញពីសមាជិកគណៈកម្មាធិការរួមជាតិ។ បន្ទាប់មក ស៊ីវ ហេង ក៏បានដកខ្លួនចេញដែរ ហើយនាំកងទ័ពទៅបោះទីតាំងនៅភាគខាងត្បូងខេត្តបាត់ដំបង ដើម្បីសហការជាមួយកងទ័ពវៀតមិញ ម្ដងវិញ។

ជាមួយគ្នានោះ សមាជិកគណៈកម្មាធិការរួមជាតិ ម្នាក់ទៀតឈ្មោះ ប្រាក់ សាវិន ក៏បានដកខ្លួនចេញដោយធ្វើដំណើរទៅខេត្តស្វាយរៀង ដើម្បីសហការជាមួយពួកវៀតមិញ ដែរ ហើយសមាជិកម្នាក់ទៀត ក៏បាននាំកងទ័ពខ្លួនជាង២០០នាក់ ទៅចុះចូលជាមួយអាជ្ញាធរបារាំង នៅប៉ោយប៉ែត និងជាង២០០នាក់ទៀត ក៏បានទៅចុះចូលជាមួយបារាំង នៅខេត្តកំពង់ឆ្នាំង។
នៅក្នុងខែឧសភានោះដែរ កងទ័ពបារាំង បានបើកប្រតិបត្តិការសងសឹក បោសសម្អាតពួកឥស្សរៈ ជាទ្រង់ទា្រយធំនៅទូទាំងប្រទេស។ លោកវរសេនីយ៍ យេស ហ្រ្គាស ( Yes Gras) ជានាយទាហានជាន់ខ្ពស់របស់ប្រទេសបារាំង បានឱ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ១៩៤៧ ចលនាតស៊ូឥស្សរៈប្រមាណ៥០០នាក់ ត្រូវបានកម្ទេច និងរឹបអូសអាវុធបានប្រមាណ១៣៦ដើម ។ ប៉ុន្តែលោក យ៉េស ហ្គ្រាស ក៏បានដឹងដែរថា ចលនាតស៊ូឥស្សរៈនៅប៉ែកពាយ័ព្យប្រទេស កងទ័ពបារាំង មិនទាន់ធ្វើការបង្រ្កាបបាននៅឡើយទេ ដោយសារពួកនេះមានការគាំទ្រពីពួកអាជ្ញាធរសៀម និងពួកវៀតមិញ។ មិនតែប៉ុណ្ណោះ ចលនានោះថែមទាំងមានការរីកធំធាត់ឡើងៗ ដែលអាចបង្កជាការគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយសម្រាប់កម្ពុជាទៀតផង។

លោកយេស ហ្រ្គាស បានធ្វើការប៉ាន់ស្មានថា នៅក្នុងខេត្តបាត់ដំបង សៀមរាប និងតាមជួរភ្នំដងរែក មានកងទ័ពឥស្សរៈប្រដាប់ដោយអាវុធគ្រប់ដៃ ប្រមាណ១២០០នាក់ និងកងទ័ពវៀតមិញ ចំនួនប្រមាណ២០០នាក់ផងដែរ។
នៅក្នុងរយៈពេល៦ខែ ចុងឆ្នាំ១៩៤៧ ផ្នែកស៊ើបការណ៍សម្ងាត់របស់បារាំង បានរាយការណ៍ថា កងកម្លាំងចម្រុះរបស់វៀតមិញ និងលាវ ក៏បានបោះទីតាំងនៅតាមមូលដ្ឋាននានាជាច្រើន នៅខេត្តបាត់ដំបង និងសៀមរាប ដោយមានការចូលរួមជាមួយកងទ័ពសៀម ប្រមាណ៤០០នាក់ ដែលដឹកនាំដោយជនកុម្មុយនិស្តសៀមម្នាក់ ដែលបានរត់ចេញពីប្រទេសថៃ ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារ ទម្លាក់នាយករដ្ឋមន្ត្រីសៀម ព្រីឌី ផាណុំយ៉ុង ពីខែវិច្ឆិកា ឆ្នាំ១៩៤៧នោះ ។

ចុងឆ្នាំ១៩៤៦ បន្ទាប់ពីយកលុយកាក់ដែលជាជំនួយរបស់ពួកវៀតមិញ ទៅទិញអាវុធពីប្រទេសសៀម បានហើយនោះ សឺងង៉ុកមិញ ក៏បានវិញត្រលប់មកមូលដ្ឋានតស៊ូរបស់គាត់នៅព្រំដែនខេត្តតាកែវ ជាប់នឹងកូសាំងស៊ីន វិញ ហើយបានយកអាវុធទាំងនោះ មកបំពាក់ឱ្យកម្លាំងរបស់គាត់ បានមួយកងអនុសេនាធំ នៅបាយនូយ (Bay Nui) ។
នៅដំណាច់ឆ្នាំ១៩៤៧ សឺង ង៉ុកមិញ បានបង្កើតគណៈកម្មាធិការរំដោះមួយនៅភាគពាយ័ព្យប្រទេស ដឹកនាំដោយ ស៊ីវ ហេង និងបានចាត់តាំងឲ្យអតីតព្រះសង្ឃមួយអង្គឈ្មោះ កែវ មុនី ដែលទើបនិងចូលជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន ឲ្យដើរប្រមូលកម្លាំងបង្កើតជាកងទ័ពអ្នកតស៊ូនៅក្នុងខេត្តព្រៃវែង ។

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៤៨ ចលនាំតស៊ូខ្មែរឥស្សរៈចម្រុះនិន្នាការនយោបាយ នៅប៉ែកខាងលិចប្រទេស បានរួបរួមគ្នាជាថ្មីម្ដងទៀត បង្កើតអង្គការមួយឱ្យឈ្មោះថា គណៈកម្មាធិការរំដោះប្រជាជនខ្មែរ (Khmer People Liberation Committee ហៅកាត់ថា KPLC ) ដែលហៅជាភាសាបាលី ថា គណៈមុតៈគាហៈមជ្ឈិមនគរខ្មែរ។
គណៈកម្មាធិការរំដោះប្រជាជនខ្មែរ (KPLC)នេះ មានសមាជិក១១នាក់រួមមាន៖ ដាប ឈួន , ម៉ី ផូ ,ស៊ីវ ហេង ,ហុង ឈុន , លាវ កែវ មុនី , ស្រីឈ្មោះលាត មួន , កែវ តក់ , ហែម សាវ៉ាង និង មៅ សារួត….។
ដាប ឈួន ដែលជាមេឥស្សរៈល្បីជាងគេនៅទីនោះ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការនេះ និងជាមេបញ្ជាការកងទ័ព, ម៉ៅ សារួត ជាប្រធាននយោបាយកងទ័ព និងហែម សាវ៉ាង ជាប្រធានកិច្ចការបរទេស។ ចំណែកព្រះអង្គម្ចាស់នរោត្តម ចន្ទរង្សី មិនព្រមចូលរួមក្នុងគណៈកម្មាធិការដែលទើបបង្កើតថ្មីនេះទេ ដោយទ្រង់យល់ថា គណៈកម្មាធិការនេះ លម្អៀងទៅខាងពួកវៀតមិញ ។

មិនខុសពីការវាយតម្លៃរបស់ព្រះអង្គម្ចាស់នរោត្តម ចន្ទរង្សី នោះទេ ពាក្យពេចន៍ និងខ្លឹមសារគោលការណ៍របស់គណៈកម្មាធិការរំដោះប្រជាជនខ្មែរ (KPLC)នេះ មិនខុសពីគោលការណ៍របស់កុម្មុយនិស្តវៀតមិញ ប៉ុន្មានឡើយ។ គោលការណ៍របស់គណៈកម្មាធិការរំដោះប្រជាជនខ្មែរ បានចែងថា ពួកចក្រពត្តិនិយមបារាំង កំពុងតែចុះខ្សោយ។ ពួកវានឹងត្រូវស្លាប់ ក្រោមកណ្ដាប់ដៃនៃភាគីប្រយុទ្ធរបស់ប្រជាជនវៀតណាម កម្ពុជា និងលាវ។ ដូច្នេះចាំបាច់ត្រូវតែបង្កើតរណសិរ្សឥណ្ឌូចិនមួយ ជាបន្ទាន់ ហើយប្រជាជនខ្មែរត្រូវតែដើរតាមគន្លងផ្លូវដែលត្រួសត្រាយដោយពួកអ្នកប្រជាធិបតេយ្យ និងពួកអ្នកប្រឆាំងនឹងពួកអាណានិគមនិយម។
កាន់តែច្បាស់ជាងនេះទៅទៀតនោះ ដាប ឈួន ជាមេដឹកនាំគណៈកម្មាធិការនេះ និងហូជីមិញ មេដឹកនាំពួកវៀតមិញ ក៏បានផ្ងើសារជូនពរគ្នាទៅវិញទៅមកផងដែរ។ កងទ័ពសរុបរបស់គណៈកម្មាធិការនេះមានចំនួនប្រមាណ៨០០នាក់។

នៅក្នុងថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៤៨ កងទ័ពចម្រុះរបស់គណៈកម្មាធិការរំដោះប្រជាជនខ្មែរ (KPLC) ជាច្រើនកងអនុសេនាធំ ដឹកនាំដោយកែវ តក់, ហុង ឈុន និងលាវ កែវ មុនី បានពួនស្ទាក់វាយន្រហារទៅលើខ្សែរថភ្លើងមួយខ្សែពីភ្នំពេញ ទៅបាត់ដំបង ធ្វើឱ្យអ្នកដំណើរតាមរថភ្លើងនោះស្លាប់និងរងរបួសជាច្រើន ក្នុងនោះក៏មានទាហានបារាំង ១០នាក់ ត្រូវពួកឥស្សរៈសម្លាប់ផងដែរ។
នៅដើមឆ្នាំ១៩៤៨ សឺង ង៉ុកមិញ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការកិច្ចការឃោសនារបស់កងទ័ពខ្មែរ និងវៀតមិញ នៅប៉ែកនិរតីប្រទេស។

នៅចុងឆ្នាំ១៩៤៨ កម្លាំងចលនាតស៊ូឥស្សរៈបានរួបរួមគ្នាបង្កើតជាគណៈកម្មាធិការឥស្សរៈរួមគ្នាទូទាំងប្រទេសមួយ និងបានបែងចែកផ្នែកយោធាទូទាំងប្រទេស ជា៤យោធភូមិភាគ គឺ យោធភូមិភាគអាគ្នេយ៍ ដឹកនាំដោយ កែវ មុនី , យោធភូមិភាគឦសាន ដឹកនាំដោយ សឺន ស៊ីចាន់ , យោធភូមិភាគនិរតី ដឹកនាំដោយ សឺង ង៉ុកមិញ និងយោធភូមិភាគពាយ័ព្យ ដឹកនាំដោយ ដាប ឈួន ដែលជាប្រធានគណៈកម្មាធិការរំដោះប្រជាជនខ្មែរ (KPLC)នោះផងដែរ។ តែលើកលែងតែ ដាប ឈួន ចេញ គឺ សឺង ង៉ុកមិញ , សឺន ស៊ីចាន់ និងកែវ មុនី សុទ្ធតែជាសមាជិកបក្សកុម្មុយនិស្តឥណ្ឌូចិន ហើយនៅយោធភូមិភាគពាយ័ព្យដែលដឹកនាំដោយ ដាប ឈួន នោះ ក៏មានមេដឹកនាំសាខាបក្សកុម្មុយនិស្តឥណ្ឌូចិនមួយនៅទីនោះផងដែរ ៕ (វាយអត្ថបទដោយ៖ កញ្ញា កែវ សុផានិត)