រដ្ឋធានីប៉ារីស៖ ប៉ូលិសបារាំង បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានការ​វាយ​​ប្រហារ ដោយអំពើភេរវកម្ម ទៅលើមនុស្សនៅក្នុងទីក្រុងណៃស៍ ដោយបានបណ្ដាល​ឲ្យមនុស្សយ៉ាងហោចណាស់ចំនួន៣នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។

សារព័ត៌មាន NBC news បានផ្សាយ តាមការដកស្រង់ពីប៉ូលិសបារាំង ថា នៅក្នុងអំពើ​វាយ​ប្រហារភេរវកម្មនោះ មានមនុស្ស៣នាក់ស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស។ ភេរវករ​បានប្រើប្រាស់កាំបិតដេញចាក់ប្រហារទៅលើពលរដ្ឋ ហើយជនដៃដល់ម្នាក់ ត្រូវបាន​ប៉ូលិសឃាត់ខ្លួន។

លោក Christian Estrosi អភិបាលក្រុង បានសរសេរ នៅលើបណ្តាញសង្គម Twitter ថា ការ​វាយ​ប្រហារដោយកាំបិតនេះ បានកើតឡើង នៅជិតព្រះវិហារ Notre Dame កាលពី​វេលា​​ម៉ោង៩ និង១០នាទីព្រឹក(ម៉ោងក្នុងតំបន់) ហើយប៉ូលិសបាន​ចុះទៅដល់​កន្លែង​កើត​ហេតុ និងបានចាប់ជនដៃដល់ម្នាក់ផងដែរ។ ជាមួយគ្នានេះ លោកអភិបាលក្រុង​បានចាត់​ទុកការវាយប្រហារនេះ ជាអំពើភេរវកម្ម។

ជាមួយគ្នានេះដែរ លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានប្រកាស​ថា លោកបានកោះប្រជុំជាបន្ទាន់ ស្តីអំពីការវាយប្រហារខាងលើ។ រីឯកម្លាំងប៉ូលិស​ជំនាញ​ក៏បាន និងកំពុងតែស្រាវជ្រាវ អំពីការវាយប្រហារខាងលើផងដែរ។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា មានស្នូរកាំភ្លើង នៅសង្កាត់ Notre-Dame ក្នុងទីក្រុងណៃ៍ស៍ កាលពីវេលាម៉ោង៩ព្រឹក។ ហេតុការណ៍ថ្មីនេះ បានកើតឡើង រំលងតែ១៣ថ្ងៃ ក្រោយការចាប់អារក.លើគ្រូបង្រៀនបារាំងម្នាក់ ឈ្មោះ Samuel Paty បង្កឡើងដោយភេរវករអ៊ិស្លាម កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ ជាមួយគ្នានេះ លោក ម៉ាក្រុង រដ្ឋាភិបាលប្រធានាធិបតី បារាំង បានចាត់ទុកថា នេះជាសកម្មភាព​វាយប្រហាររបស់​ក្រុមភេរវករ៕