រាជធានីភ្នំពេញ៖ សាលារៀនភាសាចិនទួនហ្វា ដ៏ល្បីឈ្មោះ ត្រូវបានប្រជាពលរដ្ឋ រស់នៅភូមិ៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង ប្តឹងឡើងសាសាខណ្ឌ សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ថា សាលាភាសាចិននេះ បានរំលោភយកផ្លូវសាធារណៈ ធ្វើជាចំណតរថយន្តផ្ទាល់ខ្លួន និងសាងសង់ខ្លោងទ្វារលើផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាក ក្នុងធ្វើដំណើរចេញចូលផ្ទះជាខ្លាំង ។

អ្នកស្រី ហៀង ស្រីនាង អាយុ៤១ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានរៀបរាប់ឲ្យដឹងថា គាត់រស់នៅទីនេះ តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ ដោយផ្លូវមុខផ្ទះគាត់ជាផ្លូវទាល់ តាំងពីដើមរៀងមក។ លុះមកដល់ឆ្នាំ២០១៩ ស្រាប់តែសាលាភាសាចិនទួនហ្វា សុំធ្វើខ្លោងទ្វាលើផ្លូវសាធារណៈនោះ តែពួកគាត់ប្រជាពលរដ្ឋ មិនព្រមឲ្យធ្វើទេ ព្រោះខ្លាចសាលានេះ យកធ្វើជាកម្មសិទ្ធិ ។ លុះនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សាលារៀនទួនហ្វា ធ្វើខ្លោងទ្វារលើផ្លូវសាធារណៈតែម្តង ដែលមានលោក ធឹម សំអាន អភិបាលនៃខណៈអភិបាលខណ្ឌបឹងកេងកង ជាអ្នកអនុញ្ញាត ដោយមិនមានការជូនដំណឹងដល់ប្រជាពលរដ្ឋសោះឡើយ។

អ្នកស្រីហៀង ស្រីនាង បន្តថា ពេលនោះ ពលរដ្ឋមានការកើតទុក្ខមិនសុខចិត្តជាខ្លាំង ដោយបាននាំគ្នាទៅដាក់ពាក្យបណ្តឹងជំទាស់ជាច្រើនដងទៀតផង ដោយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ប្តឹងទៅសាលាខណ្ឌបឹងកេងកង ។ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ ប្តឹងទៅសាលាក្រុងរាជធានីភ្នំពេញ ។ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ ប្តឹងទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ បានចេញលិខិតអន្តរាគមន៍ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ជូនដល់សាលារាជធានីភ្នំពេញ ឲ្យពិនិត្យនិងដោះស្រាយជុំវិញករណីនេះ តែត្រូវស្ងាត់ឈឹងដូចចោរលួចសេះ ។

ប្រជាពលរដ្ឋ បានសំណូមពរដល់លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ មេត្តាជួយដោះស្រាយករណីសាលារៀនទួនហ្វា ធ្វើខ្លោងទ្វាររំលោភផ្លូវសាធារណៈនេះឲ្យបានឆាប់រហ័សផង ព្រោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង មិនអាចដោះស្រាយបានទេ គឺមានតែការកៀបសង្កត់មកលើប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ជាពិសេស លោក ដួង ស៊ីថា ជាអ្នកគ្រប់គ្រងសាលារៀនទួនហ្វា តែងតែបង្កការរំខានមកលើពួកគាត់ជាប្រជាពលរដ្ឋទន់ខ្សោយ និងយកផ្លូវសាធារណៈខាងក្រោយសាលាមកធ្វើជាចំណតផ្ទាល់បង្កការកកស្ទះ និងបិទផ្លូវចរាចរ ធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរជាខ្លាំង។

ជុំវិញនឹងករណីនេះ «KBN» មិនអាចសុំការបកស្រាយពីភាគីសាលារៀនទួនហ្វា និងអាជ្ញាធរខណ្ឌបឹងកេងកង បានទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕