បរទេស៖ កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីថៃ លោក​ ប្រាយុទ្ធ ចាន់អូចារ បានច្រានចោលការអំពាវនាវពីគណបក្សប្រឆាំងឱ្យលាឈប់ពីតំណែងនៅឯសម័យប្រជុំសភា ដែលលោកបានអំពាវនាវដើម្បីពិភាក្សាអំពីការតវ៉ាជាច្រើនខែដែលទាមទារឱ្យលោកចាកចេញ និងធ្វើកំណែទម្រង់របបរាជានិយមដែលកំពុងមានអំណាចយ៉ាងខ្លាំងក្លា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters

នាយករដ្ឋមន្រ្ដីរូបនេះបានលើកឡើងថា «ខ្ញុំនឹងមិនរត់ចេញពីបញ្ហាទេ ហើយខ្ញុំនឹងរឹតតែមិនចាកចេញពីកាតព្វកិច្ចរបស់ខ្ញុំដោយលាលែងពីតំណែងនៅពេលដែលប្រទេសមានបញ្ហានោះទេ»។

សមាជិកសភាប្រឆាំងបានប្រាប់ លោក ប្រាយុទ្ធ ចាន់អូចារ ឲ្យឈប់លាក់ខ្លួននៅពីក្រោយការប្រកាសភាពស្មោះត្រង់ចំពោះរាជានិយមទៀតទៅ។ ក្រុមអ្នករិះគន់និយាយថាគាត់បានរៀបចំការបោះឆ្នោតកាលពីឆ្នាំមុនដើម្បីរក្សាអំណាចដែលគាត់បានកាន់កាប់ក្នុងឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន ដែលសកម្មភាពរបស់គាត់ទាំងអស់គឺចង់ក្ដោបក្ដាប់អំណាចជារៀងរហូត តែងដែលខ្លួនលោកគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសឲ្យរីកចំរើនទៅមុខ។

គួរជម្រាបថា មេដឹកនាំ​នៃ​បាតុកម្ម​ក្នុង​ទីក្រុង​បាងកក​បាន​គំរាម​ថា ​ពួកគេ​នឹង​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាលលោក​នាយក​រដ្ឋមន្ត្រី ​លោក ប្រាយុទ្ធ ចាន់អូចារ ប្រសិន​បើលោក​ខកខាន​មិន​ធ្វើ​តាម​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ ៕