បរទេស៖ សមាជិកសភាគណបក្សភឿថៃម្នាក់ បានយកកំាបិតចិតផ្លែឈើអាដៃរបស់ខ្លួននៅក្នុងសភា អំឡុងពេលការប្រជុំជជែកដេញដោលគ្នាអំពីការប្រមូលផ្តុំគ្នារបស់និស្សិត កាលពីយប់ថ្ងៃអង្គារ ដោយគាត់និយាយថា គាត់មិនចង់អោយនិស្សិតឈឺចាប់ទេ ដោយសារតែការបង្ក្រាបហិង្សាពីសំណាក់រដ្ឋាភិបាលមកលើពួកគេទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost

ក្នុងអំឡុងពេលប្រជុំសភាពិសេសដើម្បីពិភាក្សាអំពីដំណោះស្រាយថ្នាក់ជាតិ លោក Wisarn Techateerawat អាយុ៦៤ឆ្នាំ ដែលតំណាងឲ្យខេត្តឈៀងរ៉ៃ ភាគខាងជើងបានចែករំលែកទស្សនៈរបស់លោកចំពោះការប្រមូលផ្តុំនយោបាយរបស់និស្សិតដោយលោកបាននិយាយថា លោកមិនចង់ឲ្យរដ្ឋាភិបាលឆ្លើយតបនឹងបាតុករដោយកម្លាំងឡើយ។

គាត់បាននិយាយថា​ គាត់មិនដឹងថាត្រូវដោះស្រាយបញ្ហានយោបាយនេះបែបណាទេ ប៉ុន្តែគាត់មិនចង់អោយយុវជនបង្ហូរឈាម។ គាត់ចង់បង្ហាញថា គាត់មានភាពម៉ឺងម៉ាត់ចំពោះបញ្ហានេះ។ បន្ទាប់មកគាត់ក៏បានមូរដៃអាវចេញហើយទាញកាំបិតផ្លែឈើមកអាដៃរបស់ខ្លួន។ ប្រធានសភា លោក​ Chuan Leekpai បានប្រាប់គាត់ថា គាត់នឹងមិនអនុញ្ញាតឱ្យលោក Wisarn Techateerawat អាដៃខ្លួនឯងទេ ប៉ុន្តែអ្នកតំណាងខេត្តឈៀងរ៉ៃ រូបនេះមិនស្ដាប់រួចបានទាញកាំបិតអាដៃខាងឆ្វេង៣ដង ដែលធ្វើឱ្យសមាជិកសភាដទៃទៀតមានការភ្ញាក់ផ្អើល។

ភ្លាមៗនោះ លោកWisarn Techateerawat ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយរបួសរបស់គាត់ត្រូវដេរអស់៩ថ្នេរ ៕