ខេត្តស្វាយរៀង ៖ បុរសសតិមិនសូវគ្រប់ម្នាក់ នៅសុខៗស្រាប់តែអាការជំងឺធ្វើទុក្ខដួលដេកប្រកាច់ទាញដៃជើង បញ្ឈរភ្នែក លុះបុរសជាឪពុកឃើញបែបនេះ ក៏ស្ទុះទៅជួយកូន តែអកុសល ពេលប្រកាច់នោះ កូនប្រុសកាន់បានកំណាត់ឫស្សី ហើយកន្ត្រាក់ដៃជើងចុះឡើង ក៏មុតចំសៀតផ្កាឪពុក បណ្តាលឲ្យស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។

ជនរងគ្រោះដែលត្រូវស្លាប់ក្រោមស្នាដៃកូនប្រុសបង្កើតនេះ មានឈ្មោះ ឥន សាវ៉ន អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុលើ។ចំណែក ជនសង្ស័យជាកូនឈ្មោះ ឥន ទ្រី អាយុ៣៣ឆ្នាំ មានសតិមិនគ្រប់ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជំងឺរបស់កូនប្រុសរើឡើងប្រកាច់បែកពពុះមាត់ ឃើញបែបនេះជនរងគ្រោះជាឪពុកបានរត់ទៅចាប់បម្រុងចង ប៉ុន្តែអកុសលត្រូវកំណាត់ឫស្សនៅដៃជនសង្ស័យ គ្រវាសចំសៀតផ្កា បណ្តាលឲ្យស្លាប់មួយរំពេច។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះពិនិត្យសពជនរងគ្រោះរួចរាល់បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែក ជនដៃដល់ជាកូន សមត្ថកិច្ចនាំទៅធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕