ភ្នំពេញ៖​ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្រ្ដីជាប្រពន្ធជាងកាត់សក់ ដែលត្រូវមន្រ្ដីនគរបាលបាញ់សម្លាប់កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានបង្ហោះសារជូនទៅ សម្ដេច ហ៊ុន សែន ដើម្បីឲ្យសម្ដេចជួយរកយុត្តិធម៌ឲ្យប្ដីរបស់គាត់ ដោយនៅក្នុងសារនោះគាត់បានសរសេររៀបរាប់ថា៖

សូមគោរព សម្តេចពុក​ សម្តេចមែ៉ នាងខ្ញុំឈ្មោះ ឆាយ សុខមេ៉ង ភេទស្រី រស់នៅភូមិខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។នាងខ្ញុំជាស្ត្រីមេម៉ាយដែលឥឡូវមានបន្ទុកចិញ្ឋឹមកូនតូចៗ៤នាក់។ ដោយកាលពីថ្ងៃទី២៦ ខែ៩ ឆ្នាំ២០២០ ត្រូវជនដៃដល់ឈ្មោះ លីថារិយ មានមុខរបរជាមន្ត្រីប៉ូលិសបានបាញ់សំលាប់ប្តីរបស់នាងខ្ញុំរហូតមកដល់ពុំមានតំរុយអ្វីសោះ។ កាលពីមុនជនដៃដល់តែងតែមានអំនួតក្អេងក្អាងអាងមានខ្នងធ្វេីជាប៉ូលីស ហេីយគំរាមបាញ់សម្លាប់គេឯងដោយមិនខ្លាចញញេីតច្បាប់។ សូមសមេ្តចពុក សមេ្តចមែ៉​ជួយរកយុត្តិធម៍អោយនាងខ្ញុំផងដែលជាជនក្រីក្រនិងខ្វះទីរំពឹង។​ សូមសមេ្តចមែ៉ សមេ្តចពុក មេត្តាជួយនាងនាងខ្ញុំផងសូមបងប្អូនជួយស៊ែរបន្តផងអោយបានដល់ សម្តេចមែ៉ សមេ្តចពុក ផងសូមអគុណ»។

គួររំលឹកថា ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ កូនស្រីទី២ អាយុ៩ឆ្នាំ កូនស្រីទី៣ អាយុ៥ឆ្នាំ កូនស្រី ទី៤ អាយុ១ឆ្នាំ។ ចំណែកជនដៃដល់ជាមន្ត្រីនគរបាល ឈ្មោះ លី ថារិយ  ព្រោះការប្រព្រឹត្តខុសនឹងវិន័យ ក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ ហើយបច្ចុប្បន្នបានសំងំរត់គេចខ្លួនបាត់ស្រមោលឈឹតែម្ដង ៕