ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ដែលបានផ្តួចផ្តើមយុទ្ធនាការ ”ទឹកចិត្តកម្ពុជា” ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំងប្រដាប់អាវុធ នៅក្នុងកំលុងពេល​ដែលកម្ពុជាកំពុងជួបគ្រោះមហន្តរាយទឹកជំនន់។

យុទ្ធនាការ ”ទឹកចិត្តកម្ពុជា” របស់ក្រុមហ៊ុនជីប ម៉ុង ដែលបានប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះរួមមាន ថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក អង្ករចំនួន២០០តោន ទឹកសុទ្ធ៣០០០កេស ភេសជ្ជៈទឹកក្រូចទាំង៣ រសជាតិ(IZE Cola, IZE Fruit Punch និងIZE Lemon)ចំនួន១០០០កេស និងភេសជ្ជៈប៉ូវកម្លាំង វើក ៥០០កេស។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា៖«យុទ្ធនាការ”ទឹកចិត្តកម្ពុជានេះ” គឺការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។»

ឯកឧត្តម ហ៊ុន ម៉ាណែតបានថ្លែងយ៉ាងដូចនេះកាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០២០​កន្លងទៅ​នៅក្នុងជំនួប​សម្តែង​ការគួរសម និងប្រគល់ជូនអំណោយ រវាងថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុម អគ្គនាយក ក្រុមហ៊ុន​ជីប ម៉ុង ដើម្បីយកទៅ​ប្រើប្រាស់​សកម្ម​មនុស្សធម៌​ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ​គ្រោះ​មហន្តរាយ​ទឹកជំនន់។

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖«ការឧបត្ថម្ភជាថវិកា និងសម្ភារៈនៅពេលនេះគឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងបច្ចុប្បន្នភាពនៃគ្រោះទឹកជំនន់និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងកងកម្លាំងប្រដាប់អាវុធក្នុងគ្រាមានអាសន្ននេះ»។

យុទ្ធនាការ”ទឹកចិត្តកម្ពុជា”គឺជាយុទ្ធនាការផ្ដួចផ្ដើមឡើងដោយទឹកបរិសុទ្ធកម្ពុជាដែលជាផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង៕