រដ្ឋធានីហាណូយ៖ បើគិតត្រឹម ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ចំនួនអ្នក ស្លាប់ ដោយគ្រោះទឹកជំនន់ នៅក្នុងប្រទេសវៀតណាម បានបន្ដកើន ឡើង ដល់៧០នាក់ ហើយគ្រោះធម្មជាតិនេះ បានបំផ្លាញផល ដំណាំរាប់ សែនហិកតាថែមទៀត។

បណ្ដាញទូរទស្សន៍អង់គ្លេស BBC បានចុះផ្សាយ កាលពីព្រឹក ថ្ងៃចន្ទទី១៩ ខែតុលា ឆ្នាំ២០២០ថា ក្រុមអ្នកជួយសង្រ្គោះវៀតណាម នៅតែបន្ត​ប្រតិបត្តិ​ការ​ស្វែងរកទាហាន ចំនួន១១នាក់ ដែលកំពុងជាប់ នៅក្រោមគំនរបាក់បែក នៃអគារស្នាក់នៅរបស់ពួកគេ ត្រូវបានកប់ដោយគ្រោះរអិលដី កាលពីថ្ងៃ​អាទិត្យ ទី១៨ ខែតុលា ម្សិលមិញ។

ក្រុមអ្នកជួយសង្រ្គោះរបស់វៀតណាម បានឲ្យដឹងថា មានទាហាន​យ៉ាង​ហោច​​ណាស់ ២២នាក់បានបាត់ខ្លួន នៅក្នុងហេតុការណ៍គ្រោះរអិលបាក់ដី បានវាយប្រហារបន្ទាយរបស់ពួកគេ នៅក្នុងខេត្តក្វាងទ្រី (Quang Tri) នាភាគកណ្ដាល ប្រទេសវៀតណាម។ ប៉ុន្ដែបើគិតមកទល់នឹងពេលនេះ សាកសពទាហាន១១នាក់ ត្រូវបានគេទាញចេញពីគំនរបាក់បែក នៃអគារដែលត្រូវដីបាក់សង្កត់នោះ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានប្រកាស កាលពីថ្ងៃទី១៩ ខែតុលា ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៧០នាក់ហើយ។ គ្រោះ​ធម្មជាតិ​នេះ ក្រៅពីសម្លាប់មនុស្ស វាក៏បានបំផ្លិចបំផ្លាញ​ដំណាំ​ជាច្រើន​ហិកតាផងដែរ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ភ្លៀងនៅតែបន្ដធ្លាក់ខ្លាំង បង្កទៅជាគ្រោះទឹកជំនន់ អូសបន្លាយជាច្រើនថ្ងៃមកហើយ។

ប្រភពព័ត៌មានដដែល បានបន្ដថា ជនរងគ្រោះ ភាគច្រើនត្រូវទឹកកួច បណ្តាលឲ្យលង់ស្លាប់។ ពួកគេទាំងនេះ រស់នៅតាមបណ្តាខេត្ត នាភាគ​កណ្តាល រួមមាន ខេត្ត Quang Tri, Thua Thien-Hue និង ខេត្ត Quang Nam ។ ក្រៅពីសម្លាបមនុស្ស គ្រោះធម្មជាតិនេះ ក៏បានបំផ្លាញ ដំណាំប្រមាណជាង ២៣៣ ៨០០ហិកតា ហើយសត្វពាហនៈជាង ៤៦១ ៦០០ក្បាលក៏ត្រូវបានងាប់ ដោយសារគ្រោះមហន្ដរាយនេះផងដែរ។ រីឯផលប៉ះពាល់ដល់សេដ្ឋកិច្ចពីគ្រោះទឹកជំនន់នេះ បានខូចខាតបង់​អស់ជាង២០០លានដុល្លារអាមេរិក៕