បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotiantimes​ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសចិន នៅតែជាវិនិយោគិនបរទេសធំបំផុតនៅប្រទេសឡាវ ដោយបច្ចុប្បន្ននេះចិនកំពុងអនុវត្តគម្រោងសរុបចំនួន៧៨៥ គម្រោងដែលមានតម្លៃ ១២ ពាន់លានដុល្លារ។

តំបន់សេដ្ឋកិច្ចពិសេសសួនឧស្សាហកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំបង្កើតបានជាតំបន់វិនិយោគធំបំផុតរបស់ចិន នៅឡាវ។ វិនិយោគិនចិន កំពុងសាងសង់ផ្លូវល្បឿនលឿន Vientiane-Vang Vieng ដោយរំពឹងថា នឹងបើកដំណើរការនៅខែធ្នូឆ្នាំនេះ។ ជាមួយគ្នានេះដែរ ផ្លូវដែកឡាវ-ចិន ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតរបស់ឡាវ ឥឡូវនេះបានបញ្ចប់៩០ភាគរយហើយ។

ទន្ទឹមនឹងនេះដែរកាសែតឡាវ ក៏បានរាយការណ៍ថា ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យ Mahosot ដែលត្រូវបានអនុវត្តដោយវិនិយោគិនចិននោះបានបញ្ចប់៦០ភាគរយហើយដោយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២១ ។

យោងតាមរបាយការណ៍មួយនៅក្នុងកាសែត Vientiane Times ប្រទេសចិន ក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់ឡាវផងដែរ។ នៅក្នុងឆ្នាំ២០១៩ ដោយពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៣,៥ពាន់លានដុល្លារ​ កើនឡើង១៧,៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។

ការនាំចូលទំនិញបានឈានដល់១,៦ពាន់លានដុល្លារ​ ក្នុងឆ្នាំ២០១៩ កើនឡើង២៩,៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៨ ខណៈដែលផលិតផលនាំចេញបានឈានដល់ ១,៩ពាន់លានដុល្លារ​ នៅឆ្នាំ២០១៩ កើនឡើង៨,៩ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

ប្រទេសចិនបានប្រកាសផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសឡាវក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃពុធ ខែតុលា ឆ្នាំ២០២០។ភាគីទាំងពីរ បានឯកភាពជាគោលការណ៍ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសឡាវនិងចិន។

គោលនយោបាយអន្តោប្រវេសន៍ដែលមានល្បឿនលឿនក៏ត្រូវបានពិភាក្សាផងដែរដែលនឹងអនុញ្ញាតឱ្យមានសិទ្ធិពិសេសដល់បុគ្គលចិន ដោយគោរពនីតិវិធីចូលនិងចេញជាពិសេសសម្រាប់បុគ្គលិកការទូតជំនាញបច្ចេកទេស និងពលករបរទេសចាំបាច់ ៕