រាជធានីបាងកក៖ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ប៉ូលិសបាន​អនុវត្ដច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន បង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយ​នឹងក្រុមបាតុករ ដោយបណ្ដាលឲ្យមានមនុស្សជាច្រើននាក់ រងរបួស ក្នុង​នោះ​មានប៉ូលិសចំនួន៤នាក់ និងក្រុមបាតុករចំនួន៣នាក់ផងដែរ។

បើតាមមជ្ឈមណ្ឌល Erawan នៃរដ្ឋបាលទីក្រុងបាងកក បានឲ្យដឹង នៅ​ថ្ងៃ​សៅរ៍ (ទី១៧) នេះថា ប៉ូលិសបានប្រើប្រាស់រថយន្ដបាញ់ទឹក ដើម្បី​បំបែក​ហ្វូងបាតុករ ទាមទារឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធ្វើកំណែ​ទម្រង់​របបរាជានិយម។ ការបង្រ្កាបនេះ នាំឲ្យមានការប៉ះទង្គិចគ្នា រវាង​ប៉ូលិស និងក្រុមបាតុករ។ ប៉ុន្ដែនៅក្នុងហេតុការណ៍ហិង្សានេះ បាន​បណ្ដាល​ឲ្យប៉ូលិស៤នាក់រងរបួស ក្នុងចំណោមអ្នករងរបួសទាំងអស់ចំនួន៧នាក់។

បើតាមសារព័ត៌មានថៃ The Nation បានផ្សាយថា នៅក្នុងការ​ប៉ះទង្គិច​គ្នា​នេះ បានបង្កឲ្យមានមនុស្ស៧នាក់រងរបួស ហើយប៉ូលិសថៃដែល​រងរបួស​ទាំង៤នាក់នោះ ត្រូវគេបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យប៉ូលិស ( Police General Hospital) នៅក្នុងទីក្រុងបាងកក។ ដោយឡែក​ក្រុម​បាតុករ៣នាក់ដែលរងរបួសដែរនោះ ក៏ត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុង​មន្ទីរពេទ្យរដ្ឋ និងឯកជន។

ប្រភពព័ត៌មានដដែលបានបន្ដថា ប៉ូលិសបាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិ​ភ័យ បាញ់ទឹកបង្ក្រាបទៅលើក្រុម​បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ កាល​ពីល្ងាច ថ្ងៃទី១៦ ខែតុលា ដើម្បីបណ្ដេញពួកគេ ចេញពីទីលាន Pathumwan ។ នៅក្នុងការបង្រ្កាបនោះ ប៉ូលិសមិន​ប្រើឧស្ម័ន​បង្ហូរ​ទឹកភ្នែកនោះទេ ប៉ុន្តែប៉ូលិសបានប្រើប្រាស់សារធាតុគីមីម្យ៉ាង អាចបណ្តាលឱ្យមានបញ្ហាខ្លះៗនៅដល់ស្បែក នៅពេលត្រូវនឹងទឹកនោះ តែមិនជាបញ្ហាអ្វីធ្ងន់ធ្ងរនោះឡើយ។

ក្រោយពេលក្រុមនិស្សិត និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ បាននាំគ្នា​ធ្វើ​បាតុ​កម្ម អស់រយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៥ ខែតុលា បានចេញ​បទ​ប​​ញ្ជាមួយ ដាក់ប្រទេសក្នុងគ្រាអាសន្ន។ បទបញ្ជានេះ ទើបនាំ​ឲ្យមាន​ការបង្រ្កាបទៅលើក្រុមបាតុករ។ ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីថៃ បានច្រានចោលការទាមទាររបស់ក្រុមបាតុករ ជំរុញឲ្យលោក​ចុះចេញពី​តំណែង ហើយលោកប្ដេជ្ញានៅតែកាន់តំណែងនេះបន្ដទៀត៕