ភ្នំពេញ៖ រឿង“សន្យាស្នេហ៍” ជាភាពយន្តបែបស្នេហាពីបុរាណ និងសម័យបច្ចុប្បន្នលាយគ្នារបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលបាន និងកំពុងធ្វើការចាក់បញ្ចាំងកាលពីពេលថ្មីៗនេះ ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម និងសិល្បករខ្មែរ បញ្ចេញប្រតិកម្ម ក្រោយពីឃើញរូបភាពជាច្រើនសន្លឹកត្រូវបានគេកាត់តបញ្ចូលរូបប្រាសាទអង្គរវត្ត របស់ខ្មែរ។

អ្នកលេងបណ្តាញទំនាក់ទំនងសង្គម និងសិល្បករខ្មែរ បានលើកឡើងថា រូបភាពជាច្រើនសន្លឹកដែលគេយកប្រាសាទអង្គរវត្តរបស់ខ្មែរ មករចនាលើរូបភាពផ្សព្វផ្សាយ នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃនោះ វាអាចទង្វើចេតនាបង្កើតឲ្យមានការយល់ច្រឡំថា ប្រាសាទអង្គរវត្តគឺជារបស់ប្រទេសថៃ។

ក្រុមសិល្បករខ្មែរខ្លះបានប្រតិកម្មចំៗថា ពួកគេប្រឆាំងដាច់ខាតចំពោះផលិតកម្មភាពយន្តរបស់ប្រទេសថៃ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលយករូបប្រាសាទរបស់ខ្មែរដាក់ក្នុងរឿងភាពតន្តរបស់ខ្លួន ។ ពួកគេស្នើឲ្យស្ថានីយទូរទស្សន៍ថៃ មួយនេះ ធ្វើការបកស្រាយឱ្យបានច្បាស់ព្រោះការផ្សព្វផ្សាយបែបនេះ ព្រោះប្រាសាទអង្គរ ជាតំណាងអោយប្រទេសកម្ពុជា បែបនេះ វាអាចធ្វើឲ្យបរទេសមានការយល់ច្រឡំ ។ ពួកគេប្រឆាំងចំពោះផលិតកម្មភាពយន្តរបស់ប្រទេសថៃ និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលកាត់តបញ្ចូលរូបប្រាសាទអង្គរវត្ត របស់ខ្មែរ ទៅធ្វើការផ្សព្វផ្សាយបែបនេះ។

គួរបញ្ជាក់ដែរថា កាលពីអំឡុងឆ្នាំ២០១៧ អ្នកលេងបណ្តាញទំនាក់ទំនងសង្គម និងសិល្បករខ្មែរ ក៏ធ្លាប់ប្រតិកម្មស្រដៀងគ្នានេះដែរ បន្ទាប់ពីផលិតកម្មភាពយន្តរបស់ប្រទេសថៃ មួយ បានយករូបប្រាសាទអង្គរវត្តរបស់ខ្មែរយើង ទៅដាក់ធ្វើជាផ្ទាំងខាងក្រោយរូបភាព នៃការផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួន មានចំណងជើងថា «បួងសួងនាគរាជ»៕