រាជធានីភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាទៅលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ឲ្យដាក់ពិន័យមេឃុំ៣រូប នៅស្រុកអូររាំង និងស្រុកកែវសីមា ពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា មេឃុំទាំង៣រូប ដែលត្រូវដាក់ពិន័យនេះ ទី១-លោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ស្រុកអូររាំង។ ទី២-លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា និងទី៣-លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា។ មេឃុំទាំង៣រូបនេះ ត្រូវអនុវត្តទណ្ឌកម្មវិន័យ ស្របតាមបញ្ញត្តិមាត្រ ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្តត្រូវចាត់មន្ដ្រីជាតំណាង ដឹកនាំកិច្ចប្រជុំដើម្បីសម្រេចបញ្ឈប់ពីមុខតំណែង ស្របតាមមាត្រា ៨៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដោយពុំទាន់គិតដល់ទោសផ្សេងទៀត។

គួររំលឹកថា ពាក់ព័ន្ធករណីពាក់ព័ន្ធនឹងការកាប់រាន និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ស្ថិតក្នុងខេត្តមណ្ឌលគិរីនេះ អភិបាលស្រុកកោះញែក លោក ស៊ិន វណ្ណវុឌ្ឍ ក៏ត្រូវបានសម្ដេច ហ៊ុន សែន ចេញអនុក្រឹត្យផ្លាស់ប្ដូរភារកិច្ចផងដែរ ដោយតែងតាំងលោក ឌឹម នី ជំនួសវិញ៕