រាជភ្នំពេញ ៖ ក្នុងបំណងបង្ការមិនឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ នៅលើមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ ) មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានសម្រេចកំណត់ល្បឿនយានយន្តបើកបរមិនឲ្យលើស៤០គីឡូម៉ែត្រ ក្នុង១ម៉ោងឡើយ។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបង្ហោះសារ កាលពីមុននេះបន្តិច មានខ្លឹមសារថា« ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់ ដោយការបើកបរលឿនលើដងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ មហាវិថីនេះត្រូវបានកំណត់ល្បឿនយានយន្តបើកបរមិនឲ្យលើស ៤០គ.ម ក្នុង១ម៉ោង»៕