ខេត្តសៀមរាប ៖ បុរសម្នាក់ ពេលដើរត្រឡប់មកពីចងសន្ទួចវិញ គ្រាន់តែចាំងពិលឃើញក្រុមក្មេងទំនើងកំពុងប្រមូលផ្តុំជក់ថ្នាំញៀនសោះ ស្រាប់តែពួកក្មេងទំនើងទាំងនោះ ផ្ទុះភ្លើងកំហឹង ទាញកាំបិតដេញកាប់ប្រហារជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ប៊ិះស្លាប់ចោលប្រពន្ធកូន ។ ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅចំណុច ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ យ ឌ ណ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ។ ចំណែក ជនសង្ស័យទី១ -ឈ្មោះ ហេង គឹមឡាយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប និងទី២-ឈ្មោះ សួន សាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈជនរងគ្រោះ ដើរមកពីដាក់សន្ទូចរកត្រី ហើយបែរភ្លើងពិល ឃើញក្រុមជនសង្ស័យ កំពុងនាំគ្នាជក់ថ្នាំញៀន ស្រាប់តែក្រុមក្មេងទំនើងទាំងនោះ ផ្ទុះកំហឹងនាំគ្នា ជិះម៉ូតូដេញតាមកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសដាច់ម្រាមដៃឆ្វេងចំនួន៣ របួសត្រង់ដើមដៃ នឹងកំភួនដៃខាងស្តាំដេរសរុប១៩ថ្នេរ ។

លោក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មធ្វើាការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នាំមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមជាមួយបក្ខពួក មានគ្នាសរុប៤នាក់ ជក់ថ្នាំញៀននាថ្ងៃកើតហេតុពិតមែន ស្រាប់តែជនរងគ្រោះបានដើរមកក្បែរហើយ ឆួលពិលមកលើពួកគេ ទើបពួកគេខឹង ក៏បើកម៉ូតូដេញកាប់លើជនរងគ្រោះ តែម្តង។

ក្រោយធ្វើការសាកសួរ បានធ្វើតេស្តរកសារធាតុញៀនលើទឹកនោមជនសង្ស័យ ជាលទ្ធផលវិជ្ជមាន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកបក្ខពួក នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕