ខេត្តមណ្ឌលគិរី ៖ រយៈពេលជិតពីរទសវត្សកន្លងមកនេះ កម្លាំងជំនាញបានចុះបង្ក្រាប និងរឹបអូសរថយន្តជាង៥០០គ្រឿង, ម៉ូតូជិត១ពាន់គ្រឿង, រណារយន្តជាង១ពាន់គ្រឿង អន្ទាក់ជាង២ម៉ឺន យកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ។

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះល្បាតក្នុងតំបន់ការពារធម្មជាតិចំនួន២ ៩៩៥លើក ដោយបានបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ១៥២៨ករណី ដែលក្នុងនោះបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៨៤ករណី ពិន័យអន្តរការណ៍ចំនួន ២៦ករណី រឹបអូសរណាយន្តបានចំនួន ៣៦៤គ្រឿង ចាប់ឃាត់រថយន្តចំនួន៣៤គ្រឿង ដោះអន្ទាក់ចម្រុះ សរុបចំនួន ២៩៥៧ខ្សែ។

បើគិតត្រឹមឆ្នាំ២០១៩ សមត្ថកិច្ចបានរឹបអូសវត្ថុតាងពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិដោយខុសច្បាប់ ចំនួន ៦៤៣ករណី។
វត្ថុតាងដែលរឹបអូសបាននៅឆ្នាំ២០១៩ រួមមាន៖ អន្ទាក់ ១៧៥អន្ទាក់, កាំភ្លើងកែច្នៃចំនួន ៨ដើម, ធ្នូចំនួន ២ដើម, រណាយន្តចំនួន ២១៣គ្រឿង, កាំបិតចំនួន ៥១, ពូថៅចំនួន ៣, ម៉ូតូចំនួន ១៤១គ្រឿង, រថយន្ដកែច្នៃចំនួន៤៨គ្រឿង និងគោយន្តចំនួន ២គ្រឿង។

ដោយឡែកនៅឆ្នាំ២០១៨ សមត្ថកិច្ចបានរឹបអូស អន្ទាក់ចំនួន ២៨៤អន្ទាក់, កាំភ្លើងកែច្នៃចំនួន ២៣គ្រឿង, រណាយន្តចំនួន២៨០, កាំបិតចំនួន ២០, ពូថៅចំនួន៣, ម៉ូតូចំនួន ៩៥គ្រឿង និងរថយន្តកែច្នៃចំនួន៣១ គ្រឿង។

ជាមួយគ្នានេះ តាមរយៈការចុះបង្ក្រាបរបស់មន្ត្រីសមត្ថកិច្ច និងមន្ត្រីឧទ្យាននុរក្សបរិស្ថាននៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ បានឃាត់ខ្លួនជនល្មើសសរុប ចំនួន៦៩ករណី។

សូមបញ្ជាក់ថា វត្ថុតាងរថយន្តដែលរឹបអូសបាន ក្នុងអំឡុងពេលបង្ក្រាបបទល្មើសព្រៃឈើនាពេលកន្លងមក មានប្រមាណជា ៥០០គ្រឿង, រណារយន្តប្រមាណ ៣,០០០គ្រឿង ដោយប្រមូលបានជាង១,០០០គ្រឿងក្នុង១ឆ្នាំៗ ក្នុងនោះបានយកទៅធ្វើរូបសំណាកដំរីយន្ត រួមទាំងម៉ូតូកែច្នៃ និងវត្ថុតាងជាច្រើនទៀត។

រថយន្តទាំងនោះមានមួយចំនួនដែលនៅអាចប្រើប្រាស់បាន ក្រសួងបរិស្ថានត្រៀមនឹងស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលដាក់ដេញថ្លៃ ដើម្បីប្រមូលថវិកាចូលរដ្ឋ៕