ខេត្តកណ្តាល៖ ស្រី្តជាម្តាយម្នាក់ បានទូរស័ព្ទប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ពេលដឹងថា កូនប្រុសថ្លើមថ្លៃមានថ្លើមធំសម្ងំប្រើប្រាស់គ្រឿងញៀននៅលើផ្ទះ កាលពីវេលាម៉ោង១៨ និង៤៦នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ។

យុវជនញៀនថ្នាំនេះ មានឈ្មោះ ស្រេង វី អាយុ២៣ឆ្នាំ មានលំនៅ ក្នុងភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល បានលួចប្រើប្រាស់គ្រឿងញៀននៅលើផ្ទះ។

សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីជាម្តាយបានរាយការណ៍សុំឲ្យកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍រកាកោង២ ជួយអន្តរាគមន៍ លើករណីកូនប្រុសរបស់គាត់កំពុងប្រើប្រាស់ថ្នាំញៀនលើផ្ទះ ។ ពេលនោះ កម្លាំងសមត្ថកិច្ចបាន ចុះទៅដល់ផ្ទះឈ្មោះ ឈុន សុគន្ធ(ត្រូវជាម្តាយ) ភេទស្រី អាយុ៦១ឆ្នាំ ,ឈ្មោះ ស្រេង ស្រីណែត (ត្រូវជាប្អូន) ភេទស្រី អាយុ១៧ឆ្នាំ ដោយអ្នកទាំង២ សុំឱ្យសមត្ថកិច្ចជួយ អប់រំណែនាំកូនប្រុស និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនទៀត ហើយជួយបញ្ជូនកូនប្រុស របស់គាត់ទៅបន្សាបគ្រឿងញៀន នៅមណ្ឌលអប់រំកែប្រែផង ព្រោះគាត់ពុំមានលទ្ធភាពចេញថវិកា សម្រាប់បង់មណ្ឌលក្រែប្រែ និងសោហ៊ុយទេ ។

ប្រភពបន្តថា ដោយពិនិត្យឃើញជាក់ស្ដែងនៅជីវភាពខ្វះខាតរបស់អ្នកមីង លោកអធិការ ផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍ ក៏ជួយទាំងមធ្យោបាយ និងថវិកាមួយចំនួនសម្រាប់បង់សេវាមណ្ឌលកែប្រែ និងសោហុយ ដើម្បីសម្រួលក្នុងការបញ្ជូនកូនប្រុសគាត់ទៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន៕