រាជធានីភ្នំពេញ៖ លោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា
កម្ពុជានឹងនាំយកម៉ូតសម្លៀកបំពាក់សម័យកាលបុរាណ បង្ហាញជូនដល់ពិភពលោកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌សូត្រ Thai Silk Road to the World 2020 ដែលគ្រោងរៀបចំឡើងនៅចុងខែវិច្ឆិកាឆ្នាំនេះ ដើម្បីបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ នេះបើតាមការឱ្យដឹងពី ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិព័រណ៌សូត្រលើកទី១០ ដែលមានការចូលរួមពីអង្គទូត វិទ្យាស្ថាន និងក្រុមហ៊ុនរចនាម៉ូតសម្លៀកបំពាក់ថៃចំនួន ៤៧ លោក អ៊ូក សោភ័ណ ជាសមាជិកគណៈកម្មការ បានជម្រាបជូនអង្គពិធី អំពីវត្ថុបំណងនៃការទូតសេដ្ឋកិច្ច (ពាណិជ្ជកម្ម, វប្បធម៌ និងទេសចរណ៍) អនុវត្តន៍ដោយស្ថានទូតកម្ពុជា ដែលមានសង្គតិភាពជាមួយព្រឹត្តិការណ៍ពិព័រណ៌សូត្រខាងលើ។

លោក ឯកអគ្គរាជទូត បានថ្លែងអំណរគុណគណៈកម្មការពិព័រណ៌សូត្រថៃ ដែលបានផ្តល់ឱកាសដល់កម្ពុជា ចូលរួមនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ និងបានសន្យាបន្តធ្វើការជាមួយក្រុមហ៊ុនរចនាម៉ូត និស្សិត និងតួអង្គពាក់ព័ន្ធ ព្រមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធានាបាននូវភាពត្រឹមត្រូវផ្នែកប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងម៉ូតសម្លៀកបំពាក់ខ្មែរសម័យបុរាណ។

សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រថៃលក្ខណៈការទូត (Silk Diplomacy) តាមរយៈការរឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ និងស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូតនានា ធ្វើការដើរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីផលិតចេញពីសូត្រថៃ ដល់មហាជននៅក្នុងកម្មវិធីរាត្រីស្រមោល-ស៕