ខេត្តព្រៃវែង៖ ស្រ្តីអ្នកលក់បន្លែម្នាក់ ខណៈកំពុងកោសដូងជាមួយម៉ូទ័រ ស្រាប់តែម៉ូទ័រកោសដូងឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់ស្លាប់ចោលប្ដី និងកូនតូច២នាក់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថិតចំណុចផ្ទះក្នុងផ្សារទ្រា ភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ។

ស្រ្តីរងគ្រោះដែលចរន្តអគ្គិសនីឆក់ស្លាប់នេះ មានឈ្មោះ ចន ម៉ាលីន (ហៅស្រីកែវ) អាយុ២៤ឆ្នាំ មានមុខរបរលក់បន្លែ មានប្តី និងកូនតូចពីរនាក់ រស់នៅផ្ទះភូមិឃុំខាងលើ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុ ធ្វើការពិនិត្យកោសល្យវិច័យសពស្រ្តីរងគ្រោះ ដោយបញ្ជាក់ថា ស្រ្តីរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់មែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីទេ។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យទាំងក្តីសោកសង្វេគជាពន់ពេក៕