រាជធានីភ្នំពេញ ៖ បុរសជាកម្មករផ្សារដែកម្នាក់ ពេលដឹងថាប្តីគេមិននៅផ្ទះ ស្រាប់លួចលប់ចូល ហើយយកខ្សែភ្លើងឆក់ប្រពន្ធគេ និងវាយនាងថែមឡើងទក់សាច់ ទើបធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច រួចរត់គេចខ្លួនបាត់ តែយ៉ាងណា ក្រោយពីមានពាក្យបណ្តឹងរបស់នារីរងគ្រោះកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានដល់ចាប់ខ្លួនជនសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់។

ករណីរំលោភសេពសន្ថវ: បានកើតឡើង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទី រំលងអធ្រាត្រ ត្រង់ចំណុចផ្ទះ គ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យបាន។

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ចាន់រ៉ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យ យ ហៅ ខ្ញុង អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការ បន្តថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះ បានចូលដេកក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមួយកូនស្រីអាយុ០៤ឆ្នាំម្នាក់ តែជនរងគ្រោះពុំបានចាក់សោទ្វារផ្ទះ គ្រាន់តែយកទូរទស្សន៍ទប់ទ្វារពីខាងក្នុង ដោយសារទ្វារផ្ទះអត់មានគន្លឹះ។ រហូតដល់វេលាម៉ោង០២និង០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ រំលងអធ្រាត្រ ជនរងគ្រោះកំពុងតែដេកលង់លក់ ស្រាប់តែជនសង្ស័យ ដែលជាអ្នករស់នៅក្នុងភូមិជាមួយជនរងគ្រោះដែលមានផ្ទះចម្ងាយពីគ្នា១០ម៉ែត្រ ហើយជាអ្នកស្គាល់រាប់អានគ្នា បានបើកទ្វារផ្ទះរបស់ជនរងគ្រោះ ហើយធ្វើសកម្មភាពបើកមុង រួចទាញផ្តាច់ខ្សែកង្ហារដែលមានចរន្តអគ្គិសនីឆក់ជនរងគ្រោះ ពេលដែលជនរងគ្រោះ ភ្ញាក់ដឹងខ្លួន ជនសង្ស័យ ក៏បានឡើងពោបពីលើចាប់អឱបថើប ហើយជនរងគ្រោះក៏បានរើបម្រះ និងស្រែកឱ្យអ្នកជិតខាងជួយ។ ពេលនោះ ជនសង្ស័យក៏បាននិយាយគំរាមថា កុំស្រែកប្រយ័ត្នងាប់ រួចជនរងគ្រោះក៏ ឈប់ស្រែក ហើយជនសង្ស័យក៏បានដាល់ពោះជនរងគ្រោះ០១ដៃ និងដើមទ្រូងចំនួន០២ដៃ រួចយកដៃទាំងសងខាង ច្របាច់កថែមទៀត ធ្វើឱ្យជនរងគ្រោះឈឺចុកចាប់ ខ្លាំងរើលែងរួចជនសង្ស័យ ធ្វើសកម្មភាពរំលោភសេពសន្ថវ:បានសម្រេចចំនួន០១លើក។

ប្រភពបន្តថា ក្រោយពីរំលោភនារីរងគ្រោះរួច ជនសង្ស័យបានយកកន្សែង ពោះគោពណ៌ខៀវ របស់ជនរងគ្រោះចងដៃផ្អោប ទៅ ខាងមុខ និងយកក្រមាក្រឡាការ៉ូ ចងមាត់ជនរងគ្រោះ រួចដាក់ជនរងគ្រោះ ឱ្យដេកផ្ងារដោយពុំមានស្លៀកពាក់ខោអាវ ហើយក៏ដើរគេចខ្លួន ចេញទៅវិញបាត់។

ហើយជនរងគ្រោះក៏បានព្យាយាម ស្រាយចំណងចេញវិញ រួចស្លៀកពាក់ខោអាវ ហើយដេកបន្ត។ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ កេត សុខម៉ាន ភេទប្រុស អាយុ៣១ឆ្នាំ (ប្តីរបស់ជនរងគ្រោះ) បានត្រឡប់មកពីធ្វើការរត់តុការ ឱ្យគេនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វិញឃើញនារីរងគ្រោះជាប្រពន្ធមានស្នាមនៅលើក ក៏បានសួរនាំជនរងគ្រោះ ទើបជនរងគ្រោះ និយាយរឿងហេតុខាងលើ ប្រាប់ប្តីឱ្យបានដឹង ហើយបុរសជាប្តីបាននាំប្រពន្ធមកដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។