រាជធានីភ្នំពេញ ៖ យុវជនជនជាតិចិនម្នាក់ ដែលជានិស្សិតសិក្សានៅក្នុងប្រទេសអង់គ្លេស បានធ្វើសកម្មភាពសម្លាប់ឪពុកម្តាយបង្កើតខ្លួនឯង ព្រោះតែខឹងនឹងរឿងហាមឃាត់មិនឲ្យរូបគេត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ បន្ទាប់មកជនដៃដល់រូបនេះ បានរត់គេចខ្លួនមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តែយ៉ាងណា សមត្ថកិច្ចចិន សហការជាមួយសមត្ថកិច្ចកម្ពុជា ធ្វើការស្រាវជ្រាវចាប់ខ្លួនបាន រួចបញ្ជូនទៅប្រទេសចិនវិញ ដើម្បីកាត់ទោសតាមច្បាប់ប្រទេសចិន។

សូមបញ្ជាក់ថា យុវជនចិនដែលស្លាប់ឪពុកម្តាយបង្កើតហើយព្យាយាមរត់គេចខ្លួនមកប្រទេសកម្ពុជា មានឈ្មោះថា Huang Mouyang អាយុ២២ឆ្នាំ មានឪពុកជាមេធារី និងម្តាយជាសាស្ត្រាចារ្យ។ ជននេះ ត្រូវឪពុកម្តាយបញ្ជូនទៅពីប្រទេសចិនទៅសិក្សានៅក្នុងប្រទេសអង់គ្លេសតាំងពីមុនផ្ទុះករណីរាតត្បាតជំងឺកូវីដ ១៩ ម្ល៉េះ។ លុះពិភពលោកផ្ដើមប្រកាសអាសន្នពីជំងឺកូវីដ-១៩ យុវជនសង្ស័យរូបនេះបានត្រឡប់មកផ្ទះវិញគឺនៅក្នុងក្រុង Nanning នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន។

កាលពីអំឡុងខែសីហាកន្លងទៅនេះ យុវជនសង្ស័យ បានព្យាយាមត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញ តែត្រូវឪពុកម្តាយហាមឃាត់ ព្រោះខ្លាចកូនប្រុស(យុវជនសង្ស័យ) ឆ្លងជំងឺកូវីដ-១៩ ទើបបង្កជាជម្លោះនឹងគ្នាដែលជាហេតុ ធ្វើឲ្យជនសង្ស័យសម្លាប់ឪពុកម្តាយចោលតែម្តង ហើយសពជនរងគ្រោះត្រូវប៉ូលិសចិនរកឃើញកាលពីថ្ងៃទី១០ ខែសីហា។

ក្រោយពីសម្លាប់ឪពុកម្តាយរួច យុវជនសង្ស័យបានរត់គេចខ្លួនមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តែយ៉ាងណា សមត្ថកិច្ចចិនបានទាក់ទងសុំកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចកម្ពុជា ធ្វើការស្រាវជ្រាវចាប់ខ្លួនយុវជនសង្ស័យបាននៅថ្ងៃទី១៧ ខែសីហា ។ លុះនៅថ្ងៃទី២៩ ខែកញ្ញា សមត្ថកិច្ចខ្មែរ បានបញ្ជូនជនសង្ស័យរូបនេះ ទៅប្រទេសចិនវិញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ និងប្រឈមជាប់ពន្ធនាគារអស់មួយជីវិត៕