ខេត្តកំពង់ធំ៖ អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៦ ត្រូវកកស្ទះចរាចរណ៍ជាង២ម៉ោង ដោយសារតែរថយន្តដឹកទំនិញធំៗ ចតរថយន្តបិទផ្លូវ ជាការបង្ខំចិត្តសំណូមពរឱ្យខាងស្ថានីយជញ្ជីងថ្លឹងរថយន្ត កុំយកទម្លាប់មកអនុវត្តក្នុងការកៀបជម្រិតទារលុយតាមចិត្តខ្លួនចង់បានទាំងបំពានមកលើពួកគាត់។ 

សូមរម្លឹកថា៖ កន្លែងស្ថានីយថ្លឹងរថយន្តនៅស្រុកសន្ទុកនេះ កន្លងទៅមានរឿងអាស្រូវច្រើន ពិសេសអនុញ្ញាតឱ្យឡានផ្ទុកលើសទំងន់បើកកាត់ដោយមិនបាច់ចូលថ្លឹងថ្នូរនិងលុយ។ ជាក់ស្តែងខាងតំណាងអយ្យការបញ្ជាឱ្យខាងកម្លាំងកងរាជអាវុធហត្ថខេត្តចាប់រថយន្តដឹកខ្សាច់ ពីខេត្តកំពង់ចាម ដឹកយកទៅផ្គត់ផ្គង់ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងឃាត់ខ្លួនតៃកុងរថយន្ត ។ ពួកគេឆ្លើយថាបង់លុយឱ្យខាងជញ្ជីងទើបមិនបាច់ចូលថ្លឹង។ ក្រៅពីនោះក្រុមចល័តខាងថ្លឹងរថយន្តក៏ឆ្មក់ចាប់បានរថយន្តផ្ទុកលើសទំងន់ជាច្រើនគ្រឿងនៅខេត្តកំពង់ធំ តែជាលទ្ធផលចំពោះចំណាត់ការខាងក្រសួងហាក់មិនទាន់ចាប់អារម្មណ៍ ពិនិត្យស្វែងរកភាពមិនប្រក្រតីនឹងការងារ។ 

ជាក់ស្តែងនៅម៉ោងប្រមាណ ៦និង២០ នាទី ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រថយន្តតូច-ធំ រាប់សិបគ្រឿង បានកកស្ទះចរាចរណ៍ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ទីតាំងជញ្ជីងថ្លឹង     រថយន្ត ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយសារតៃកុងរថយន្តធុនធំ  ពីរ បី គ្រឿង ចតពាំងបិទផ្លូវលេខ៦ ដោយសារខឹងខាងស្ថានីយយកលុយ ទារថ្លៃៗពេក បណ្តាលឱ្យអ្នកដំណើរស្ទះចរាចរណ៍ជិត២ម៉ោង។ 

តាមប្រភពព័ត៌មាន  ពីកន្លែងកើតហេតុនោះ បានឲ្យដឹងថា ការចតពាំងបិទផ្លូវខាងលើនេះ ជាចេតនាបង្កឱ្យកកស្ទះចរាចរណ៍ ដែលធ្វើឡើងដោយម្ចាស់រថយន្តទាំងនោះ ព្រោះខឹងនឹងសមត្ថកិច្ចនៅកន្លែងជញ្ជីងថ្លឹងរថយន្ត ជម្រិតទារលុយពីពួកគាត់ច្រើនហួសហេតុពេក ដែលពួកគាត់គ្មានលទ្ធភាពក្នុងការបង់លុយឱ្យ ហើយកើតមានជាប្រចាំ ទើបបង្ខំចិត្តធ្វើបែបនេះ ក្នុងគោលបំណងឱ្យថ្នាក់លើទទួលជំនាញនេះពិនិត្យពិចារណាលើមន្ត្រីទាំងនោះផង។ 

ប្រជាពលរដ្ឋនាំគ្នានិយាយថាល្មមដល់ពេល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  កំណែទម្រង់ការងារឱ្យមានប្រសិទ្ធភាពតួយ៉ាងដូចជាករណីខាងលើនេះ ប្រសិនបើមិនមានរឿង មិនប្រក្រតីនោះទេ តៃកុង ឬម្ចាស់រថយន្តទាំងនោះ ក៏ហ៊ានមិនធ្វើរបៀបហ្នឹងដែរ ព្រោះជាធម្មតា ប្រជាពលរដ្ឋ ឬអ្នករក ស៊ី ពួកគាត់សន្សំតែសុខ តែប៉ុណ្ណោះ។

មជ្ឃដ្ឋានទូទៅនិងក្រុមអ្នកដឹកទំនិញបានសម្តែងការមិនពេញចិត្តចំពោះសមត្ថកិច្ចនៅយាមជញ្ជីងថ្លឹងរថយន្តមានរឿងអាស្រូវច្រើនមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែដដែលៗ ដោយសារតែលុយធ្វើឱ្យខូចឥរិយាបថ ឬមួយត្រូវយកលុយនោះបង់ឱ្យថ្នាក់លើបន្តដើម្បីទប់កន្លែងធ្វើការ..! 

ពាក់ព័ន្ធករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានប្រាប់អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ ពិតជាមានបញ្ហានោះកើតមានមែន ក្នុងហេតុផលថា មន្ត្រីជំនាញអនុវត្តច្បាប់ ចាប់បង្ខំឱ្យគាត់ចូលថ្លឹង តែគាត់មិនព្រមចូលថ្លឹង ទើបសមត្ថកិច្ចឃាត់ ហើយខាងរថយន្តបើកបិទផ្លូវ។ លោកថា ៖ ស្ទះមិនយូរទេ បន្ទាប់ពីសម្របសម្រួលរួច ។ ចំពោះករណីចោទថាខាងមន្ត្រីស្ថានីយថ្លឹងរថយន្តទារលុយគាត់ច្រើន អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ ជាធម្មតាទេ ការលើកហេតុផលរៀងៗខ្លួន ប៉ុន្តែការពិតវាស្ថិតការងារជាក់ស្តែង ថ្នាក់លើក៏ថ្លឹងថ្លែងដែរ ៕